
កំពតៈ ក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តបរិវាស ស្ថិតនៅក្នុងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលនានាខាងលើនេះ គឺសុទ្ធសឹងកើតចេញពីអំណោយផល នៃសន្តិភាពដ៏ពេញលេញរបស់ប្រទេសជាតិ។
ពិធីបញ្ជុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅក្នុងវត្តបរិវាស ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំចសំរីទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតផងដែរ។

លោក ហ៊ុន ម៉ាណែត នាយរងសេធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះបងប្អូនបានមកចូលរួមយ៉ាងច្រើនកុះករ និងអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នាកសាងនូវសមិទ្ធផលនេះឡើង និងបានចាត់ទុកព្រះវិហារបរិវាស រួមនិងសមិទ្ធផលនានា ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះផង គឺពិតជាបានរួមចំណែកយ៉ាងប្រសើរក្នុងចំណោមសមិទ្ធផលធំធេងជាច្រើនទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបបម្រើឲ្យវិស័យធនធានមនុស្សនៅក្នុងខេត្តកំពតទៀតផង។ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែបានចាត់ទុក វិស័យអប់រំ គឺជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពទាំង ៤ក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិយើងដូចជា-ផ្លូវ -ភ្លើង ទឹកនិងធនធានមនុស្ស។


លោក ហ៊ុន ម៉ាណែត ក៏បានបន្តលើកឡើងថា អំពីបរិបទអំណោយផលដ៏ថ្លៃថ្លា នៃប្រទេសជាតិ នាពេលបច្ចុប្បន្ន ដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងខ្លាំក្លាថែមទៀតផងនោះ។ ហើយសមិទ្ធផលនានានៅក្នុងវត្តបរិវាស ទាំងអស់នោះគឺសុទ្ធសឹងបានកើតចេញពីអំណោយផលនៃសន្តិភាពយ៉ាងពិតប្រាកដ តាមរយៈយុទ្ធសាស្ត្រឈ្នះៗក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្ទុងប្រទេសកម្ពុជាផងដែរ។ លោកថា ដោយមើលឃើញពីសច្ចភាពនេះហើយ គណបក្សប្រជាជនកម្ពុជា នៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ភាគច្រើនទីបំផុត នៅតែបន្តការជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ហើយក្នុងនោះដោយផ្ដើមចេញពីសារៈប្រយោជន៍នៃសន្តិភាពនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នាផងដែរថា ត្រូវចូលរួមថែរក្សាអោយបាននូវសុខ សន្តិភាព ដ៏ថ្លៃថ្លានេះសម្រាប់កូនចៅនៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នាផង៕

