header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ថានទូតខ្មែរប្រចាំ នៅប្រទេសថៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋនិងពលករខ្មែរ ដែលស្នាក់នៅ និងធ្វើការនៅថៃ ឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គាះជាតិ តែងតែអំពាវនាវជារឿយៗ កុំឲ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត។

នាពេលពេលថ្មីៗនេះ ព្រះមហាក្សត្រខ្មែរ ក៏បានអំពាវនាវឲ្យពលរដ្ឋ ទៅបោះឆ្នោតថ្នាក់ ជ្រើសរើសតំណាងរាស្ដ្រ អាណត្តិទី៦ នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ។

យោងតាមការផ្សព្វផ្សាយ របស់ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃដែលបានបង្ហោះ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃទាំងអស់ ពិសេសក្នុងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ព្រមទាំងលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត (ដូចមានបញ្ជាក់ ក្នុងខិតប័ណ្ណភ្ជាប់មកជាមួយនេះ) អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃអាទិត្យទ២៩ ខែកក្កដា ឆ្នាំ២០១៨”។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ក្នុងការដឹកនាំការអនុវត្ត ការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូង ត្រីមាសទី២ ឆ្នាំ២០១៨ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា គ្រប់ភាគីពាក់ព័ន្ធទៅនឹង ដំណើរការបោះឆ្នោត បានត្រៀមលក្ខណៈ គ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ នូវរាល់ឧបាយកល របស់ជនអគតិមួយចំនួន ដែលរារាំងនិងមិន  ឲ្យពលរដ្ឋ ទៅចូលរួមបោះឆ្នោត នាពេលខាងមុខ។

សូមរំលឹកថា ការបោះឆ្នោត នាថ្ងៃទី២៩ កក្ដដា សន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកាប្រមាណ ៩៩០រៀល ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល បានត្រៀមកងកម្លាំងប្រមាណ ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិ នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post