header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកបណិ្ឌត យ៉ង សាំងកុមារ ដែលជាប់ឆ្នោតធ្វើជាជាបេក្ខជននាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) សម្រាប់ការឈរឈ្មោះបោះឆ្នោតក្នុងអាណតិ្តទី៦ បានប្ដេជ្ញាចិត្តនៅចំពោះមុខសកម្មរបស់បក្សជាង៣០០នាក់ថា នឹងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ មានជំនឿទុកចិត្តលើ គ ប ម ដើម្បីបង្ហាញថាបក្សមិនមែនជាអាយ៉ងរបស់គណបក្សនយោបាយណាមួយទេ។

លោក យ៉េង វីរៈ ដែលជាប្រធានគណបក្សនេះ ក៏បានបង្ហាញជំនឿថា នៅពេលគណបក្សទទួលបានអាសនៈក្នុងរដ្ឋសភា នឹងមិនត្រូវបានគេរំលាយដូចអតីតគណបក្សសង្រ្គោះជាតិទេ។

លោកបណិ្ឌត យ៉ង សាំងកុមារ បានថ្លែងក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ដ្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ថា ការបោះឆ្នោតនីតិកាលទី៦ គ ប ម នឹងឈ្នះការបោះឆ្នោតដោយនឹងមានសំឡេងការគាំទ្រពីពលរដ្ឋយ៉ាងច្រើន។

លោកមានប្រសាសន៍ថា “យើងងនឹងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស គាត់ទៅបោះឆ្នោត ហើយគាត់ទុកចិត្តថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាគណបក្សឯករាជ្យពិតប្រាកដ មិនអាយ៉ងរបស់អ្នកណាទេ”។

លោកបន្ដថា គ ប ម ជាបក្សចូលរួមប្រកួតប្រជែង ដើម្បីទទួលឱកាសក្នុងការដឹកនាំប្រទេស ដូច្នេះនាយករដ្ឋមន្ដ្រីត្រូវស្ដាប់តំណាងរាស្ដ្រ ត្រូវមានការទទួលខុសត្រូវ ពីព្រោះពលរដ្ឋជាអ្នកបោះឆ្នោត។

លោកបណ្ឌិត យ៉ង សាំងកុមារ បន្តថា គ ប ម ដឹកនាំរាជរដ្ឋាភិបាលនឹងត្រៀមលក្ខណៈជានិច្ច សម្រាប់សហការគ្រប់គណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ។

សម្រាប់ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ក៏បានលើកឡើងថា ប្រសិន គ ប ម ឈ្នះការបោះឆ្នោតមិនមានអ្នកណាមួយមករំលាយ គ ប ម បានឡើយ ដោយសារតែ គ ប ម បង្កើតរដ្ឋាភិបាលសាមគ្គីជាតិ មានន័យថា គណបក្សណាក៏ដោយឲ្យតែទទួលបានអាសនៈអញ្ជើញឲ្យចូលរួមជាមួយរដ្ឋាភិបាលសាមគ្គីជាតិ ហើយ គ ប ម នឹងប្រគល់ក្រសួងមួយចំនួនឲ្យពួកគាត់កាន់កាប់តែម្ដង។

សូមបញ្ជាក់ថា គ ប ម ចាប់បានលេខរៀងទី៧ សម្រាប់ការបោះឆ្នោត ដែលលេខរៀងនេះ គឺជាអតីតលេខរៀងរបស់គណបក្សសង្រ្គោះជាតិ កាលពីអាណត្តិមុន ហើយអតីតបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីមេបក្សបានជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ។ តើបក្ស គ ប ម នេះ អាចទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ ដូចអតីតបក្សសង្រ្គោះជាតិទេ? ដូច្នេះការបង្ហាញក្តីសង្ឃឹមរបស់ប្រធាន គ ប ម ថា នឹងមិនមានអ្នកណារំលាយដូចអតីតបក្សសង្រ្គោះជាតិនោះ តើពិតឬយ៉ាងណា? សូមរង់ចាំមើលទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post