header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋមួយគ្រួសារ បានមកត្អូញត្អែរដង្ហើយហៅរកយុត្តិធម៌ បន្ទាប់ពីមានមន្រ្តីម្នាក់ជាអ្នករត់ការឯកសារទិញលក់ដីធ្លី បានឃុបឃិតជាមួយមន្រ្តីសូរិយោដី ចេញប័ណ្ណកម្មសិទ្ធក្លែងក្លាយ។ ហើយករណីនេះពលរដ្ឋក៏ត្រៀមប្តឹងទៅក្រសួងមហាផ្ទៃ ក្រសួងដែនដី ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញផងដែរ ដើម្បីឱ្យជួយរកយុត្តិធម៌។

លោក វង់ សុផា វ័យ៣២ឆ្នាំ រស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកអង្គភាពសារព័ត៌មាន CAM POST នៅថ្ងៃព្រហស្បត្តិ៍ ទី៧ មិថុនា ២០១៨ រៀបរាប់ពីភាពអយុត្តិធម៌កំពុងកើតឡើងមកលើគ្រួសារលោក ដែលមានកូនប្រធានភូមិ នៅក្នុងសង្កាត់ស្ទឹងមានជ័យ បានឃុបឃិតជាមួយមន្រ្តីសូរិយោដីចេញប័ណ្ណកម្មសិទ្ធិក្លែងក្លាយ បន្ទាប់ពីលោកបានលក់ដីមួយផ្នែកទៅឱ្យអ្នកផ្សេង។

លោក វង់ សុផា រៀបរាប់ថា “ ខ្ញុំជឿថា យុត្តិធម៌មានពិត ហើយថ្នាក់លើ នឹងស្រាវជ្រាវទៅលើមន្រ្តីដែលខិលខូច “ 

លោកថា ដំបូងឡើយ ម្តាយរបស់លោក ឈ្មោះ គង់ ណយ បានឲ្យ​ប្លង់ដី ទៅឈ្មោះ ចក់ សំអាន កូនប្រធានភូមិនៅក្នុងសង្កាត់ស្ទឹងមានជ័យពីមុន និងបច្ចុប្បន្នជាគ្រូបង្រៀននៅអនុវិទ្យាល័យ អនុវត្តន៍ អូបែកក្អម ជាអ្នករត់ការ ដើម្បីបំបែកក្បាលដី បន្ទាប់ពីម្តាយរបស់លោកបានលក់មួយផ្នែកនៃដីរួម ទៅឲ្យ​អ្នកផ្សេង។

ក្រោយពីលក់ដីធ្លីទៅឱ្យឈ្មោះ ហ៊ី ដារ៉ា និងប្រពន្ធឈ្មោះ លីម តេកខេង ក្នុងតម្លៃ១១ម៉ឺន៥ពាន់ដុល្លារ នៅអំឡុងខែមីនា ឆ្នាំ២០១៧ រួចមក ភាគីទិញដី ក៏បានកក់លុយចំនួន៥ពាន់ដុល្លារសិន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដើម្បីរត់ឯកសារ ដោយម្ចាស់ដីឲ្យ​ទៅឈ្មោះ ចក់ សំអាន ជាអ្នករត់ការ។

៣ខែក្រោយមក ឯកសាររត់ការទិញលក់ដី ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក៏បានធ្លាក់ចុះមក ហើយភាគីទិញដី ក៏ប្រគល់លុយគ្រប់ចំនួនទៅឲ្យ​ម្ចាស់ដី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅក្នុងទំហំដីដែលបានទិញ២០៥ម៉ែត្រការេ។

ឈានចូលដើមឆ្នាំ២០១៨ បញ្ហាដីធ្លីនេះក៏បានផ្ទុះឡើង បន្ទាប់ពីម្ចាស់ដីដើមបានរៀបធ្វើប័ណ្ណកម្មសិទ្ធប្លង់រឹង ឬបង់ពន្ធ ពេលនោះ ទើបដឹងថា ប្លង់លក់លើកមុន គឺក្លែងក្លាយ។

លោក វង់ សុផា បានបញ្ជាក់ថា បន្ទាប់ពីប្លង់ដីម្តាយលោកក្លែងក្លាយ លោកក៏បានទៅជួបមន្រ្តីសូរិយោដី ឲ្យ​សើរើឯកសារឡើងវិញ តែមន្រ្តីហាក់បង្វែងដាន។ ក្រោយមកលោកក៏សុំការអន្តរាគមន៍ពីមន្រ្តីជំនាញ នៅតែគ្មានប្រសិទ្ធិភាព ទើបលោកសម្រេច ត្រៀមប្តឹងទៅក្រសួងពាក់ព័ន្ធផ្សេងទៀត។

បើតាមការបញ្ជាក់ពីលោក វង់ សុផា ដីនេះ ម្តាយរបស់លោក គាត់ទិញយូរយារណាស់មកហើយតាំងពីជាង២០ឆ្នាំមុន ដោយសរុបរួម ៧២៣,៤ ម៉ែត្រការេ ហើយបច្ចុប្បន្នលក់អស់ ២០៥ ម៉ែត្រការេ ក្រៅពីនោះនៅសល់ ៥១៨, ៤ ម៉ែត្រការេ។ តែទោះជាបែបណា ដីនេះ គេមិនហ៊ានទិញឡើយ ដីដែលនៅសេសសល់ ពីព្រោះប្លង់កម្មសិទ្ធិ គឺក្លែងក្លាយ។ ម្លោះហើយទើបលោកស្នើឱ្យមន្រ្តីជំនាញមានការសើរើឡើងវិញ ដោយសារតែទី១ ប្លង់កម្មសិទ្ធិក្លែងក្លាយ ទី២ លិខិតលក់ដាច់ក្លែងក្លាយ ទី៣ លិខិតអំណោយផ្តាច់ក្លែងក្លាយ ទី៤ លិខិតបញ្ជាក់ពន្ធប្រថាប់ត្រានៃការធ្វើអំណោយផ្តាច់ក្លែងក្លាយ និងទី៥ វិញ្ញាបនបត្រ សម្គាល់អចលនវត្ថុក្លែងក្លាយ។

លើសពីនេះ លោក វង់ សុផា ក៏ស្នើសុំឱ្យពិនិត្យលិខិតបញ្ជាក់នៃការស្នើសុំបង់ពន្ធប្រថាប់ត្រា ទៅលើសំណុំឯកសារ ដែលបានចុះបញ្ជី លេខ ២១៦២០៩៣៩៤៦ និងលេខ២១៦២០​៩៣​៩៤៧ ដែលបានចុះបញ្ជីនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

លោក ចក់ សំអាន នៅរសៀល ថ្ងៃទី៨ មិថុនានេះ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា លោកស្វាគមន៍ជានិច្ច ប្រសិនបើមានការប្តឹងផ្ដល់។ លោកនៅតែបញ្ជាក់ថា គ្មានឯកសារ ឬប្លង់ក្លែងក្លាយទេ បើមិនជឿ ឬមិនសុខចិត្ត សូមទៅជួបប្រធានមន្ទីរសូរិយោដីជាមួយលោក។

លោក ចក់ សំអាន បញ្ជាក់ថា ដីរួមម្តាយរបស់លោក វង់ សុផា ៧២៣,៤ម៉ែត្រការេ ដោយសារតែរដ្ឋត្រូវកាត់ចំណីផ្លូវ អ៊ីចឹងដីនេះ ប្លង់ចេញត្រឹមតែ ៦៧៩ម៉ែត្រការេប៉ុណ្ណោះ ដោយលោកលក់អស់ ២០៥ ម៉ែត្រការេ អ៊ីចឹងដីនេះត្រូវនៅសល់ ៤៧៤ ម៉ែត្រការេទៀត។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មន្រ្តីសូរិយោដីខណ្ឌមានជ័យ និងមន្ទីរឃុបឃិតចេញឯកសារប្លង់ក្លែងក្លាយ CAM POST មិនអាចសុំការពន្យល់ពីមន្រ្តីទាំងនោះបានទេ ដោយសារមន្រ្តីដែលមានលេខទូរសព្ទ 012 833 804 នោះឆ្លើយថា បើចង់សុំបំភ្លឺទាល់តែទាក់ទងប្រធានមន្ទីរ លោកមិនហ៊ានឲ្យ​ទេ ។ នៅពេលសួរថា លោកឈ្មោះអី មន្រ្តីសូរិយោដី ខណ្ឌមានជ័យរូបនេះ មិនបានបញ្ជាក់ឡើយ ដោយលោកឆ្លើយថា មកតែខណ្ឌមានជ័យសួរទៅដឹងហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post