header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងគោរពវិញ្ញាណក្ខន្ធអ្នកម្នាង អ៊ុក ផល្លា រណឬទ្ធិ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវត្តបទុមវត្តី។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា ភរិយា​នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលមរណភាពនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ នាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ៥កើត ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ។ ក្រោយកើតហេតុ សម្ដេចក្រុមព្រះ និងអ្នកម្នាង បានរងរបួសធ្ងន់ដូចគ្នា ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

រហូតមកដល់វេលាថ្ងៃត្រង់ នៃថ្ងៃកើតហេតុនេះ ពោល គឺម៉ោង១២៖២៣នាទីថ្ងៃត្រង់ អ្នកម្នាង អ៊ុក ផល្លា ក៏បានលាចាកលោកនេះ ដោយមិនអាចទ្រាំទ្រសារនឹងស្ថានភាពរបួសធ្ងន់ធ្ងរ។ ដោយឡែក សម្ដេចក្រុមព្រះ ក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនតាមឧទ្ធម្ភាគចក្រមកមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ ខណៈមានសេចក្ដីរាយការណ៍ថា ស្ថានភាពរបស់ព្រះអង្គ បានប្រសើរឡើងហើយ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ (HightLander) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9667 ជារថយន្តតាក់ស៊ី បើកបរ​ដោយ​ឈ្មោះ​ វ៉ុល​ សារ៉េត​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ មានទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ​ ដែលដឹក​ភ្ញៀវ​ចំនួន​៤នាក់​ ស្រីម្នាក់ បានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា5 2-090 ជិះគ្នា៣នាក់ ដែលជាព្រះទីនាំងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរក្នុងទិសដៅផ្ទុះគ្នា។

បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​៧នាក់​ ស្រី​២នាក់ ដោយក្នុងនោះ អ្នកម្នាង អ៊ុក ផល្លា បានរងរបួស​ធ្ងន់​ ហើយត្រូវបញ្ជូនទៅសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងសម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ រងរបួស​ធ្ងន់​ ត្រូវបានបញ្ជូន​សង្គ្រោះ​នៅ​គ្លីនិក​សេតេ ខណៈអ្នក​រងរបួស​ផ្សេង​ៗទៀត​ កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ផ្សេង​ៗ​។ ចំណែក​អ្នកបើកបរ​រថយន្ត​តាក់​ស៊ីឈ្មោះ ​ វ៉ុល​ សារ៉េត ដែលរងរបួសធ្ងន់ដែលនោះ កំពុងស្ថិតក្នុងការសង្គ្រោះ និងឃ្លាំមើលពីសមត្ថកិច្ច។

គួរជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច ព្រះអង្គយាងជួបសំណេះសំណាលសមាជិកគណបក្សនៅខេត្តកំពត និងខេត្តកែប។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ ព្រះអង្គមានបំណងយាងបន្តដំណើរទៅជួបសំណេះសំណាលជាមួយសមាជិកបក្សនៅខេត្តព្រះសីហនុបន្តទៀត ប៉ុន្តែបែរជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post