header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាសម្ដែងស្រស់សោភា វណ្ណ វលក្ខណ៍ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ច្រឡំផ្លូវបត់ចូលផ្ទះ ក៏បើកជ្រុលទៅធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អគារកំពុងជួសជុលមួយកន្លែង តែមិនបង្កឲ្យមានរងការខូចខាតនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខអគារកំពុងជួសជុលមួយកន្លែង ទល់មុខវិទ្យាល័យ ជាស៊ីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារ​ CAM POST​ ដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញនារីរូបស្រស់ម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏រេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅធ្លាក់កង់ខាងមុខចំហៀងខាងឆ្វេង ចូលច្រកចូលចំណតក្រោមដីរបស់អគារខាងលើ តែមិនបង្កឲ្យរងការខូចខាតនេះទេ។

ភ្លាមៗ នារីរូបស្រស់ ដែលជាអ្នកបើកបររថយន្ត បានចុះមកពីលើរថយន្ត ទើបគេស្គាល់ថា ជាតារាសម្ដែងស៊ិចស៊ី វណ្ណ វលក្ខណ៍។ នាងបានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ដឹងថា​ រូបនាងបានចេញមកពីជួបជុំមិត្តភ័ក្តវិញ ដោយបើករថយន្តមកដល់ចំណុចកើតហេតុ នាងច្រឡំស្មានតែផ្លូវបត់ចូលផ្ទះរបស់នាង ទើបបើករថយន្តបត់ឡើងកល់ជាប់ផ្លូវចុះចំណតខាងលើតែម្ដង ទើបនាងចុះមកពឹងបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ជួយរកអ្វីមកលើករថយន្តរបស់ខ្លួនឡើងលើវិញផង។ នាង វណ្ណ វលក្ខណ៍ រៀបរាប់ទាំងទន់ខ្លួនទៀតថា រថយន្តរបស់នាង គឺទើបតែទិញថ្ងៃមិញនេះទេ តែបែរជារូបនាង បើកមកកល់ជាប់បែបនេះទៅវិញ។

បន្តិចក្រោយមក នាងក៏បានដើរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ចំណុចកើតហេតុផងដែរ ប៉ុន្តែដោយសាររថយន្តមិនបង្កឲ្យមានការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចទាក់ទៅហៅនាង ដើម្បីឲ្យស្ទូចយករថយន្តត្រឡប់ទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post