header ads

Sponsor

ពិសី

ភ្នំពេញៈ សេចក្ដីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹងថា នាល្ងាចថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨នេះ ចៅក្រមតុលាការឈ្មោះ សេង  រិទ្ធី បានសម្រេចដោះលែងឈ្មោះ ម៉ៅ ច័ន្ទរស្មី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤អ៊ឺ ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានតួនាទីជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន នៅក្រសួងដែនដី​ ឲ្យ​មានសេរីភាពត្រឡប់ទៅផ្ទះវិញហើយ  បន្ទាប់ពីតុលាការបានធ្វើការសាកសួរអស់២ថ្ងៃ។

តាមប្រភពព័ត័មានបានបញ្ជាក់ថា មូលហេតុដែលចៅក្រមស៊ើ​បសួរដោះលែងបុរសឈ្មោះ ម៉ៅ ច័ន្ទរស្មី ផុយៗដូចតាវហ៊ូស្អុយនោះ ដោយសារតែលោកព្រះរាជអាជ្ញាមិនបានចោទប្រកាន់ពាក់ព័ន្ធនិងករណីប្រើកាំភ្លើងគ្មានច្បាប់គំរាមកំហែងសមត្ថកិច្ចមូលដ្ឋាននោះទេ។

លោកម៉ៅ ច័ន្ទរស្មី បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ហើយដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ចនគរបាល កាលពីថ្ងៃទី ២៥ មិថុនា ២០១៨វេលាម៉ោង១៧និង១០នាទី នៅចំណុចមុខក្លោងទ្វារវិទ្យាល័យ ផ្សារដើមថ្កូវខាងត្បូង ផ្លូវ ៤៨៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបញ្ជូនមកដល់តុលាការហើយនាថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨។

កាលពីថ្ងៃទី ២៥មិថុនា នៅមុខវិទ្យាល័យផ្សារដើមថ្កូវ បុរសឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក toyota higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF9766 បុកគូថ រថយន្តមួយគ្រឿងផ្សេងទៀតម៉ាក toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង ដោយសារគាត់ស្រវឹងដ្រាជោគជាំពេក។

បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងដោយបានការសំណូមពរពីខាងភាគីម្ខាងទៀត នគរបាលយើង បានគោះកញ្ចក់រថយន្តជនបង្ក តែពេលនោះស្រាប់តែ ជនបង្កបានដកអាវុធខ្លីមួយដើមម៉ាក Beretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាលយើង រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាននគរបាលដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនឹងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ជាបន្តបន្ទាប់រហូតដល់ចាត់បញ្ជូនជនសង្ស័យឡើងតុលាការឲ្យ​ចៅក្រមដោះលែងបាត់ទៅ។

សាកកូនរាស្ត្រមើល ប្រើកាំភ្លើងគ្មានច្បាប់ដូចនេះ បើមិនជាប់គុកគ្មានថ្ងៃចេញ ហ៊ានភ្នាល់កោរត្រង៉ោលឲ្យ​បោកខ្វិតចា៎ នេះបានគេហៅថាតុលាការយុត្តិធម៌ ហេសហេ....!៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post