ស្វាយរៀងៈ រថយន្តកុងតឺន័រមួយគ្រឿង បើកជែងខ្វះការប្រុងប្រយត្ន័ ក៏ជ្រុលទៅបុកគូទរថយន្ត ព្រូសយ៉ាងពេញទំហឹង សំណាងមនុស្សប្រុសស្រី៣នាក់ ក្នុងរថយន្តមិនមានរងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា រថយន្តម៉ាកព្រូសដែលរងគ្រោះមានម្ចាស់ឈ្មោះ ហាក់ បូទុម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង និងអ្នករួមដំណើរជាមួយកូនស្រី និងឪពុកផងដែរ។ ចំណែករថយន្តបង្កហេតុម៉ាក ហីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ៣C-៨៨៥៣ បើកបរដោយឈ្មោះ ស៊ុន ឈឹម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបរ រស់នៅភូមិត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនមានរងរបួសអ្វីនោះទេ។
តាមសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AU-០៦៧៦ បើកបរដោយឈ្មោះ ហាក់ បូទុម និងអ្នករួមដំណើរ២នាក់ទៀត លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រខាងលើ បើកបរក្នុងទិសដៅស្របគ្នា បានវ៉ាជែងខ្វះការប្រុងប្រយត្ន័ រួចអកសឺ ក៏បុករថយន្តព្រូសពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ សំណាងមនុស្សក្នុងរថយន្តមិនរងរបួស។
ក្រោយមកសមត្ថកិច្ចនគរបាលបានមកដល់ធ្វើការវាស់វែង និងអូសយករថយន្តទាំងពីគ្រឿងមកការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕