header ads

Sponsor

ពិសី

កំពតៈ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានដីធ្លីស្ថិតនៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ និងក្រុងកំពត កុំអាលប្រញាប់លក់ដី បើមិនចង់ស្តាយក្រោយនោះទេ ព្រោះក្រុង និងខេត្តកំពត នឹងមានការអភិវឌ្ឍន៍ដ៏ធំៗជាបន្តបន្ទាប់។

ថ្លែងនៅក្នុងឱកាសចុះជួយសំណេះសំណាល់ជាមួយលោកគ្រូ អ្នកគ្រូ នៅស្រុកទឹកឈូ និងករុកោសល្យ វិក្រិត្តិការណ៍ នៅសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ខេត្តកំពត នៅពេលដ៏ខ្លីខាងមុខ និងមានការកែប្រែផ្លាស់ប្តូរមុខមាត់ តាមរយៈការអភិវឌ្ឍក្រុង បង្កើនភាពទាក់ទាញ ដែលអាចធ្វើឲ្យខេត្តមួយនេះ កាន់តែលេចធ្លោឡើងថែមទៀត។

លោក ជាយ តាយ បានបន្តថា បើតាមលោកដឹង បច្ចុប្បន្នហាងឆេងដីតំបន់ក្នុងក្រុង និងជាយក្រុងឡើងថ្លៃជាលំដាប់ឥតឈប់ឈរ ហើយអ្នកវិនិយោគទុនក៏ចេះតែបន្តមកច្រើនឡើង។ បងប្អូនប្រជាពលរដ្ឋដែលសម្បូរដីក្នុង និងជាយក្រុង កំពុងតែត្រូវប៉ាន់។ ជាងនេះទៅទៀត ប្រជាពលរដ្ឋដែលមានដីនៅក្នុងស្រុកទឹកឈូក៏ដូចគ្នាដែរ សូមកុំអាលលក់ដី បើមិនចង់ស្តាយក្រោយពីព្រោះនៅថ្ងៃខាងមុខដ៏ខ្លី ក្រុងកំពតនឹងត្រូវបានពង្រីក ហើយឃុំរបស់ស្រុកទឹកឈូ យ៉ាងហោច៥ និងត្រូវកាត់បញ្ចូលក្នុងក្រុងកំពត ដីស្រែបងប្អូន នឹងក្លាយជាដីក្រុង តម្លៃកាន់តែឡើងថែមទៀតជាក់ជាមិនខាន់។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកំពតនឹងបង្កើតឆ្នេរដ៏ធំ ហើយស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរមកសម្រាកកម្សាន្តរាប់ម៉ឺននាក់ ពេលនោះទាំងដីក្នុងក្រុង និងស្រុកទឹកឈូកាន់តែឡើងថ្លៃទៅៗ ហើយប្រជាពលរដ្ឋរបស់យើង នឹងក្លាយជាអ្នកមាន ពិតជាមិនខាន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់កុំទាន់លក់ដី បើទោះបានថ្លៃក៏ដោយ។

លោកបានបញ្ជាក់ទៀតថា ដីឡើងថ្លៃដោយសារតែប្រទេសយើង ខេត្តយើងមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល។ តែទោះជាយ៉ាងនេះក៏ដោយ លោកមិនភ្លេចផងដែរ អំពីគុណបំណាច់របស់លោកគ្រូ អ្នកគ្រូដែលជាបញ្ញាវន្ត ជាអ្នកចេះដឹង និងជាឪពុកម្តាយទី២ របស់សិស្សានុសិស្សគ្រប់រូប ហើយលោកគ្រូ អ្នកគ្រូ គឺជាចលករមួយយ៉ាងសំខាន់ ក្នុងការជួយរួមចំណែកពន្លឿន ការអភិវឌ្ឍសង្គមជាតិ ឲ្យរីកចម្រើនជឿនលឿនផងដែរ ព្រោះបើគ្មានធនធានមនុស្សល្អទេ ប្រទេសមួយមិនអាចអភិវឌ្ឍន៍រីកចម្រើនបានឡើយ។

ក្នុងជំនួបសំណេះសំណាល់លោកគ្រូអ្នកគ្រូ ជាង៨០០នាក់នាឱកាសនោះដែរ លោក ជាវ តាយ ក៏បានស្នើឲ្យលោកគ្រូ អ្នកគ្រូ ជួយពន្យល់ណែនាំដល់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន និងយុវសិស្សទាំងអស់ឲ្យ យល់អំពីតម្លៃនៃការបោះឆ្នោត និងចូលរួមបោះឲ្យបានគ្រប់ៗគ្នាផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post