header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ម្ចាស់ដីឈ្មោះ ឡូវ អ៊ុយឡុង អំពាវនាវរកយុត្តិធម៌ ដោយតុលាការចេញដីកាសម្រេចអនុញ្ញាតឲ្យកូនបំណុលឈ្មោះ លី ហុងស៊ីញ និងឈ្មោះ សោម សាវឿន ដែលគេស្គាល់ថា ជាម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ដាក់លូក្រោមដីក្នុងដីកម្មសិទ្ធិរបស់ជនរងគ្រោះ(ឡូវ អ៊ុយឡុង) ដោយគ្មានទុកពេលឲ្យដាក់បណ្តឹងតវា ធ្វើឲ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្ត និងមិនអាចទទួលយកបាន ដែលលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងចេញដីកាសម្រេចអនុញ្ញាតឲ្យកូនបំណុលឈ្មោះ លី ហុងស៊ីញ និងឈ្មោះ សោម សាវឿន ធ្វើការជីកដីដាក់លូនៅខាងក្រោមដី ត្រង់ចំណុចផ្នែកខាងកើត នៃដីកម្មសិទ្ធិរបស់ម្ចាស់បំណុលឈ្មោះ ឡូវ អ៊ុយឡុង មានបណ្ណ័សម្គាល់សិទ្ធិកាន់កាប់អចលនៈវត្ថុលេខ០០៥៤៧៧ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៩ ដែលមានទីតាំងស្ថិតនៅភូមិតាបិបសង្កាត់បាវិត ក្រុងបាវិត ដោយអយុត្តិធម៌។

ហើយភាគីបានដីកាសម្រេចពីតុលាការ បានយកគ្រឿងចក្រទៅជីកកកាយដីដាក់លូដោយខ្លួនឯងធ្វើឲ្យភាគីម្ចាស់ដីកើតទុក្ខថា ទង្វើនេះអយុត្តិធម៌ខ្លាំងណាស់ហើយបានអំពាវនាវដល់ក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ជាពិសេសសូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដោយអនុគ្រោះ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ឧសភា ២០១៨ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

បើតាមតំណាងជនរងគ្រោះ បានឲ្យដឹងថា ទំនា​ស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ កើតឡើងចាប់តាំងពីដើមឆ្នាំ២០១៥មកម្លេះ បង្កឡើងដោយឈ្មោះ សោម សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាមេការក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសតាយសេង មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានបង្កទំនាស់លើកទី១ ឲ្យកម្មករមកគាស់បង្គោលព្រំដីរឹងមាំទំហំ៤តឹកគុណ៤តឹកកម្ពស់១ម៉ែត្រកន្លះ ដែលជារបស់ជនរងគ្រោះ ឡូវ អ៊ុយឡុង យកទៅទម្លាក់ចោលក្នុងទឹកស្រះ ក្នុងគោលបំណងកប់ដីបំបិតតាងរំលោភយកដីធ្វើផ្លូវឯកជនរបស់ខ្លួន ក៏ប៉ុន្តែម្ចាស់ដីទៅទាន់ក៏ប្តឹងលោកមេភូមតាបិបឈ្មោះ សោម សាវឿន បានយល់ព្រមឲ្យកម្មករយកបង្គោលថ្ម មកដាំឲ្យជនរងគ្រោះវិញ។

លើកទី២ រយៈពេល៥ខែក្រោយមក ឈ្មោះ សោម សាវឿន បានឲ្យកម្មករយកគ្រឿងចក្រមកឈូសបំបាក់បង្គោលថ្មរបស់ជនរងគ្រោះរួចកាយកប់ក្នុងដីហើយធ្វើថ្នល់ពីលើរំលោភយកដីតែម្តង។

ទាក់ទិនករណីនេះដែរ លោក កឹង ធូក មន្ត្រីអគ្គិសនីកម្ពុជាសាខាស្វាយរៀង បានមានប្រសាសន៍ថា ការដាក់បង្គោលភ្លើងនេះខាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង មិនបានសុំមកអគ្គិសនីស្វាយរៀងទេ គេសុំអាជ្ញាប័ណ្ណតាមអាជ្ញាធរខេត្តទៅស្ថានីយអគ្គិសនីជីភូផ្ទាល់ គឺមិននៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីស្វាយរៀងទេ។

ហើយករណីខាងលើនេះដែរ លោក សេង សិលា អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា គាត់ពិបាកគ្រប់គ្រងដោយភាគីតាសេងដូចជា ស្តេចត្រាញ់មួយអ៊ីចឹង ពាក់ពន្ធ័ការដាំបង្គោលភ្លើង គឺសុំដាំតាមបណ្តោយផ្លូវជាតិលេខ១ ពីជីភូមកតំបន់សេដ្ឋកិច្ចពិសេសតាយសេង រីឯការដាំបង្គោលភ្លើងពីផ្លូវជាតិលេខ១ ចូលទៅតាយសេងប៉ែកខាងកើត បង្កឲ្យប៉ះពាល់ដីឯកជនប្រជាពលរដ្ឋនោះ គឺអាជ្ញាធរពុំបានដឹងឬអនុញ្ញាតឡើយ ហើយការសុំធ្វើផ្លូវថ្នល់ គឺគ្រាន់តែជម្រាបប្រាប់ក្រុងតាមទូរស័ព្ទ គឺធ្វើក្នុងដីរបស់ក្រុមហ៊ុន ក៏ប៉ុន្តែជាក់ស្តែង គឺធ្វើកាត់លើដីអ្នកដទៃ លោកក៏បានទៅឃាត់និងដោះស្រាយដែរ ក៏ប៉ុន្តែភាគីខាងតំបន់សេដ្ឋកិច្ចពិសេសតាយសេងមិនគោរពតាមការសម្របសម្រួលចេះតែធ្វើសកម្មភាពធ្វើថ្នល់បេតុងរំលោភលើដីរបស់លោកឡូូវអ៊ុយឡុុង រហូតហើយ ទើបអាជ្ញាធរឲ្យម្ចាស់ដីប្តឹងទៅតុលាការ ស្រាប់តែតុលាការចេញសេចក្តីសម្រេចបញ្ចប់ អនុញ្ញាតឲ្យភាគីតាយសេងដាក់លូក្នុងដីកម្មសិទ្ធិរបស់ ឡូវអ៊ុយឡុង ទៀត ហើយលោក សោម សាវឿន ភាគីតាយសេង បានយកដីកាសម្រេចរបស់តុលាការមកជម្រាបជូនអាជ្ញាធរក្រុង ហើយក៏យកគ្រឿងចក្រទៅជីកដាក់លូលើដីជនរងគ្រោះ ដែលកំពុងប្តឹងជំទាស់ ហើយភាគីម្ចាស់ដីបានសុំអន្តរាគមន៍ លោកក៏បានចាត់ឲ្យមន្ត្រីសាលាក្រុងសុំឲ្យភាគីតាយសេងផ្អាកសិន ក៏ប៉ុន្តែគេផ្អាក ឬមិនផ្អាកលោកក៏មិនដឹងដែរ។

ទាក់ទិនករណីនេះដែរ លោក សោម សាវឿន តំណាងឲ្យលោក លី ហុងស៊ីញ ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេង បានមានប្រសាសន៍យ៉ាងខ្លីថា ក្រុមហ៊ុនអនុវត្តតាមដីកាសម្រេចរបស់តុលាការខេត្តស្វាយរៀងប៉ុណ្ណោះ ការធ្វើថ្នល់ ការដាក់លូ គឺដើម្បីប្រយោជន៍ទាំងសងខាង។ រីឯមហាជនក្រុងបាវិត កំពុងអន្ទះសាររង់ចាំមើលថា តើម្ចាស់ដីទទួលបានយុត្តិធម៌ដែរឬទេ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post