
ភ្នំពេញៈ លី កែវ គឺជា ទារកកើតមកមិនគ្រប់ខែ មានកំណើតក្នុងពោះម្តាយបានតែ ៧ខែប៉ុណ្ណោះ កែវ បានប្រសូតពីផ្ទៃម្តាយ ដែលមានជំងឺ បេះដូងរីក ធ្ងន់ធ្ងរ ដែលត្រូវបានសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជំងឺបេះដូងនៃមន្ទីពេទ្យកាល់ម៉ែត។ ទារកជាអ្នកជំងឺ ឈ្មោះ លី កែវ ភេទប្រុស កើតថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង០៩និង៣០នាទីព្រឹក ត្រូវបានចូលសម្រាកព្យាបាលនៅផ្នែកប្រពោធកម្មទារក (សង្គ្រោះបន្ទាន់កម្រិតធ្ងន់ផ្នែកទារក) នៃមន្ទីរពេទ្យកាល់ម៉ែត។
គ្រួសាររបស់កែវនៅមានជីវភាពលំបាក ហើយពុំមានឱកាសបានតាមដានផ្ទៃពោះ និងស្ថានភាពសុខភាពជាទៀងទាត់ឡើយ ដែលនាំឲ្យស្ថានភាពជំងឺបេះដូងរីកដែលមានស្រាប់ របស់ម្តាយមានសភាពធ្ងន់ធ្ងររហូតចាំបាច់តម្រូវឲ្យវះកាត់យកទារកទាំងមិនទាន់គ្រប់ខែ ដែលប្រឈមនឹងគ្រោះថ្នាក់ជីវិតពីរ ក្នុងពេលតែមួយ។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិតឯកទេសត្រូវសំរេចចិត្តខិតខំជួយសង្គ្រោះទាំងម្តាយនិងទារក។ ក្នុងអំឡុងពេលសង្គ្រោះនៅមន្ទីរពេទ្យ ទារកកែវស្ថិតក្នុងកម្រិតធ្ងន់ធ្ងរបំផុតមួយ ដែលតម្រូវអោយបញ្ចូលទុយោចូលក្នុងបំពង់ខ្យល់ដើម្បីភ្ជាប់ជាមួយម៉ាស៊ីនដកដង្ហើមសប្បនិមិត្ត ដោយសារសួតមិនទាន់ទុំ(ពុំទាន់មានលក្ខណៈពេញលេញ) ដោយជំនួយជាពិសេសផងដែរដោយថ្នាំពិសេសម្យ៉ាងជំនួយឲ្យសួត (ប្រភេទ Surfactant) ដើម្បីបន្តលូតលាស់បានជាមួយបរិយាកាសខាងក្រៅផ្ទៃម្តាយ។
គ្រួសាររបស់កែវដែលកំពុងបារម្ភបំផុតអំពីសុខភាពម្តាយ និងត្រូវតម្រូវនៅប្រចាំការថែទាំម្តាយដែលមានស្ថានភាពធ្ងន់ធ្ងរនៅ ផ្នែកជំងឺបេះដូង ដូច្នេះទារកត្រូវស្ថិតក្នុងបន្ទុកក្រុមគ្រូពេទ្យជួយសង្គ្រោះទាំងស្រុងនៅផ្នែកប្រពោធកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងអំឡុងពេលដែលម្តាយនិងទារកកំពុងសង្គ្រោះ ឪពុករបស់ទារកក៏មានកង្វល់ជាខ្លាំងពីសភាពធ្ងន់ធ្ងររបស់កូនផងដែរ ដែលសួតនៅខ្ចី និងមានខ្យល់ចូលក្នុងស្រោមសួតនៅផ្នែកខាងឆ្វេង។ កែវ ជាទារកកំសត់ត្រូវបានគ្រូពេទ្យជំនាញជួយសង្គ្រោះ ដោយចោះស្រោមសួតដើម្បីបង្ហូរខ្យល់ពីស្រោមសួតឆ្វេង។ ករណីស្មុគស្មាញនេះ បានធ្វើឲ្យឪពុកកែវ ដំបូងមានការបារម្មណ៍ជាពន់ពេកពីសភាពជំងឺរបស់កូនប្រុស ប៉ុន្តែក្រោយពេលបានទទួលការពន្យល់ ការសង្គ្រោះព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញនិងគិលានុបដ្ឋាយិការដ៏ប៉ិនប្រសព្វ បានធ្វើឲ្យភាពតានតឹងរបស់ឪពុកកែវ ប្រែជាធូរស្រាលជាមួយនឹងទំនុកចិត្តយ៉ាងមុតមាំមកលើផ្នែកប្រពោធកម្មទារក។
ក្រុមគ្រួសារកាន់តែមានភាពរីករាយបន្ទាប់ពីឃើញទារកអាចត្រូវបានដកទុយោចេញពីបំពង់ខ្យល់និងអាចដកដង្ហើមខ្លួនឯងបានដោយមិនត្រូវការអុកស៊ីសែនជំនួយបន្ថែម និងបៅបានដោយខ្លួនឯង ព្រមទាំងមានសភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវបានគ្រូពេទ្យ អនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យនៅ អាយុ២៩ថ្ងៃ និងតម្រូវធ្វើការតាមដានការវិវឌ្ឍន៍ និងការលូតលាស់របស់កូនរហូតដល់អាយុ៣ឆ្នាំ។
ក្រោយការខិតខំជួយសង្គ្រោះដោយប្រើគ្រប់មធ្យោបាយបច្ចេកវិទ្យាវេជ្ជសាស្ត្រ កែវចាប់មានសុខភាពមាំមួនល្អដូចកុមារដទៃ និងសង្ឃឹមថាអាចទៅរៀនបានជាធម្មតានៅពេលអនាគតក្រោមស្នាមញញឹមរបស់ឪពុកម្តាយ និងទឹកចិត្តសប្បាយរីករាយរបស់គ្រូពេទ្យឯកទេសនិងគិលានុបដ្ឋាយិកាទាំងអស់ ដែលបានសង្គ្រោះជីវិតកែវដោយជោគជ័យ។

ប៉ុន្តែ កែវពីទារកដ៏កំសត់ ទៅជាក្មេងដែលមានសុខភាពម៉ាំមួនដែលរស់រានមានជីវិតក្រោមកិច្ចខិតខំរបស់ក្រុមគ្រូពេទ្យជំនាញទារក នៃមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការជឿជាក់ និងផ្តល់កម្លាំងចិត្តអំពីក្រុមគ្រួសារ ព្រមទាំងខ្លួនកែវផង ដែលខំតស៊ូប្រឆាំងរហូតឈ្នះជាមួយបញ្ហាប្រឈមនឹងគ្រោះថ្នាក់អាយុជីវិតបន្ទាប់ពីសម្រាល។


ដោយទំនេរនឹងការប្រកបរបរទទួលទាន ថ្ងៃនេះឪពុកម្តាយរបស់កែវ បាននាំកែវមកលេងភ្នំពេញ ដោយពួកគាត់ត្រូវភ្ញាក់ពីព្រលឹមធ្វើដំណើរមកពីខេត្តរតនៈគីរីដោយរថយន្តឈ្នួល។ កាន់តែភ្ញាក់ផ្អើលនោះ ក្រុមគ្រួសារកែវបានឆ្លៀតពេលចូលមកលេងក្រុមគ្រូពេទ្យដែលបានសង្គ្រោះកែវ។ នៅពេលមកដល់ផ្នែកសង្គ្រោះទារក យើងបានឃើញអតីតទារកកំសត់មួយនេះ មានដំណើរយ៉ាងរហ័ស រត់ផង ដើរផង ដោយក្តីក្លាហាន មើលទៅសុខភាពគាត់មាំមួនណាស់ ដែលមានកំពស់ ១១០ស.ម ទំងន់ ១១គីឡូក្រាម ប្រកបដោយភាពរហ័សរហួន ចេះនិយាយបានច្រើនឃ្លា ស្តាប់ និងសំលឹងមើលមុខគ្រូពេទ្យដោយក្លាហាន នេះបញ្ជាក់ថាគាត់មានសុខភាព ការលូតលាស់ប្រាជ្ញាស្មារតី និងកាយសម្បទាគឺបានល្អ។

ក្រុមគ្រូពេទ្យថែទាំ និងព្យាបាលទាំងអស់នៅផ្នែកសង្គ្រោះទារក សម្ភព និងបេះដូង ពិតជាមានសេចក្តីរីករាយឥតឧបមាចំពោះវត្តមានរបស់អូនកែវក្នុងថ្ងៃនេះ។ ដោយក្តីអាណិតស្រលាញ់ និងការយកចិត្តទុកដាក់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត តាងនាមឲ្យថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យ បានរៀបចំនូវវត្ថុអនុស្សាវរីយ៍ និងសម្ភារៈសិក្សាជាចំណងដៃជូនអូនកែវ និងជូនពរអោយកែវជាក្មេងពូកែ ឆ្លាត សុខភាពល្អ និងខិតខំរៀន ធ្វើយ៉ាងណាអោយក្លាយខ្លួនជាធនធានដ៏មានប្រយោជន៍ក្នុងការចូលរួមជួយអភិវឌ្ឍសង្គមជាតិយើង៕



