header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជា ពិសេសសមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះពួកប្រឆាំង ពួកអមិត្ត ដែលមិនបោះបង់ចោលនូវឧបាយកលដ៏ខ្មៅងងឹតរបស់គេ ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺពួកគេកាន់តែចាញ់ ឧបាយកលរបស់ពួកគេ ក៏កាន់តែពិសពុល។

មានប្រសាសន៍ទៅកាន់ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជាង៥ពាន់នាក់ នៅខណ្ឌ ព្រែកព្នៅ នាព្រឹកថ្ងៃទី០២ ខែមិថុនា នេះ សម្តេច វិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ឧបាយកលបដិវត្តពណ៌ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធិភាព ប្រធាន គណបក្សប្រឆាំង ត្រូវបានតុលាការឃាត់ខ្លួន និងចោទប្រកាន់ពីបទ ឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់  អតីតគណបក្សសង្រ្គោះជាតិ  ត្រូវបានសាលដិការតុលាការកំពូល រំលាយចោល ហើយមន្រ្តីជាន់ខ្ពស់ចំនួន១១៨រូប ត្រូវបាន ហាមឃាត់មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

សម្តេចអនុប្រធានគណបក្ស បានបញ្ជាក់ឱ្យដឹងទៀតថា ពួកប្រឆាំង ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ទាំងក្នុង និងក្រៅប្រទេស បានហៅព្រឹត្តិការនេះ ថា ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នូវសិទ្ធមនុស្ស ហើយអំពានាវ ឱ្យសហគមន៍អន្តរជាតិ គេដាក់សំពាធ និងដាក់ទណ្ឌកម្មមកលើកម្ពុជា ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ដែលទង្វើទាំងអស់នេះ ប្រជាជនកម្ពុជា មិនអាចទទួលយកបានឡើយ ហើយក៏មិនអាចអត់អោនឱ្យបានដែរ។ ថ្មីៗនេះទៀត បានលេចចេញ នូវឯកសារសំងាត់ ដែលទណ្ឌិត សម រង្សី បានចុះកិច្ចព្រមព្រៀងជាមួយឈ្មោះ កុក សក ប្រធានមូលនិធិម៉ុងតាញ៉ា ដោយទណ្ឌិតរូបនេះ បានប្រគល់ខេត្ត៤ឱ្យទៅម៉ុងតាញ៉ាប្រើប្រាស់ ក្នុងនោះ មានមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ក្នុងពេលដែលខ្លួនឈ្នះឆ្នោតកាន់អំណាច។

សម្តេចបានបញ្ជាក់ទៀតថា តាមច្បាប់ព្រហ្មទណ្ឌ នេះជាទង្វើក្បត់ជាតិ ដែលមានទោសត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ ហើយថ្មីៗនេះទៀត ពួកគេបាននិងកំពុងបំផុសចលនាប្រជាជន មិនឱ្យទៅបោះ ឆ្នោត។ ទង្វើរនេះ បើតាមច្បាប់ បោះឆ្នោត ត្រូវផ្តន្ទាទោស ត្រូវផាកពិន័យ ជាប្រាក់ពី៥លានដល់២០លានរៀល ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀតនៅឡើយ។ ក្រៅពីនេះ មានប្រទេសខ្លះ បានសម្តែងនូវការខកចិត្ត ដោយគ្មានអតីតគណបក្សប្រឆាំងចូលរួមបោះឆ្នោត សម្តេចបានចាត់ទុកថា នេះជាការសម្តែងមតិ ដែលមិនឆ្លុះបញ្ចាំង អំពីសភាពការណ៍ពិត នៅកម្ពុជា ដោយមើលរំលងលិទ្ធប្រជាធិបតេយ្យ មើលរំលងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា។

យ៉ាងណាសម្តេច អនុប្រធានបក្ស សុំឱ្យប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ជឿពាក្សញុះញ៉ង់ និងឧបាយកល់របស់ពួកអមិត្ត ព្រោះនេះ មិនមែនជាលើកទី១នោះទេ ដែលពួកគេចង់ឱ្យកម្ពុជា មានអសន្តិសុខ និងបំផ្លាញសន្តិភាពនៅកម្ពុជា។ សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

នៅក្នុងពិធីសំណេះសំណាលនេះដែរ លោក សុខ សម្បត្តិ ប្រធានគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ដព្រែកព្នៅ ក៏បានជម្រាបជូន អំពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈរ របស់មន្រ្តីបក្សគ្រប់ជាន់ថ្នាក់ ទោះបីមានបញ្ហាលំបាក បញ្ហាប្រឈម គឺបានប្តេជ្ញាចិត្ត រួមគ្នាបំពេញតួនាទី ភារកិច្ច ជាអ្នកផ្តល់សេវាសាធារណៈ ទាំងសេវា សន្តិសុខ រដ្ឋបាល ដើម្បីជម្រុញការស្តារ និងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំដៅធ្វើឱ្យប្រសើរឡើងជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏បន្តអនុវត្តនូវរាល់អនុសាសន៍ និង គោលការណ៍របស់គណបក្ស ក្នុងការបន្តថែរក្សាសមាជិកចាស់ និងពង្រីកសមាជិកថ្មី ឱ្យបានច្រើននៅតាមមូលដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post