
កំពង់ឆ្នាំង ៖ទៀតហើយ ហេតុការណ៍លង់ទឹកកាលពីម៉ោង១០ និង ២០ នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ កុមារីអាយុ ១០ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈនាងចុះងូតលេងក្នុងទឹកស្រះ នៅក្នុងសាលាវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ក្នុងឃុំអូឬស្សី ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះខាងលើនេះ មានឈ្មោះ សុខ ស៊ីណាវី អាយុ១០ ឆ្នាំ ឪពុកឈ្មោះ សុខ ចំរើន ម្ដាយឈ្មោះ កែវ សុខា មានទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានមុខរបរលក់ដូរ នៅក្នុងសាលាវិទ្យាល័យកើតហេតុខាងលើ។

នៅមុនពេលកើតហេតុ កុមារីរងគ្រោះបានទៅលេងស្រះទឹក ក្នុងវិទ្យាល័យខាងលើ ជាមួយក្មេងៗ មួយចំនួនទៀត តែខណៈនោះក្មេងស្រីរងគ្រោះ បានរអិលធ្លាក់ចូលទឹកជ្រៅបណ្ដាលឲ្យលង់ ភ្លាមៗនោះដែរ ក្មេងៗលេងទឹកជាមួយ ក៏បានរត់ទៅ ហៅ ឪពុកម្ដាយដែលកំពុងទៅលក់ដូរ នៅក្នុងវិទ្យាល័យ តែទម្រាំមនុស្សចាស់ទៅដល់ ហើយចុះទៅរាវ ក៍ឃើញកុមារីរងគ្រោះនោះ បានលង់ទឹកស្លាប់បាត់ទៅហើយ តែឪពុក ម្ដាយនៅ មិនអស់ចិត្ត មកក៏បាននាំកុមារីរងគ្រោះ ជាមួយសមត្ថកិច្ច ទៅសង្គ្រោះ នៅមណ្ឌលសុខភាព នៅស្រុកកំពង់ត្រឡាច ប៉ុន្តែគ្រូពេទ្យប្រាប់ថា នាងបានស្លាប់ទៅហើយ ។

ក្រោយមកសពកុមារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយជាពន់ពេក៕

