header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទំនាស់រឿងគិតលុយខុសប្រក្រតី ថៅកែហាងខារាអូខេ យី​ហោ “រាត្រីសំណាងល្អ” បានហៅកូនចៅព្រួតគ្នាវាយ និង​កាប់ទៅលើភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់​ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក នៅក្នុងហាង រាត្រីសំណាងល្អ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

តែ​ដោយសារ​ជនរងគ្រោះរបួសធ្ងន់ទៅសម្រាកមន្ទីរពេទ្យមិនបានដាក់ពាក្យបណ្ដឹងភ្លាមៗ ទើបនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ ជនរងគ្រោះបាន​ដាក់ពាក្យ​ទៅប្តឹងនៅប៉ុស្តិ៍កាកាប១ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម នៅល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាលប៉ុស្តិ៍ចុះទៅនាំខ្លួន ម្ចាស់ហាង និងកូនចៅ ជាជនដៃដល់សរុប៦នាក់ មកសាកសួរ ហើយឃាត់ខ្លួនជនដៃដល់ទាំង៦នាក់តែម្តង ប្រុស៤នាក់ ភេទទី៣ម្នាក់ ស្រីម្នាក់។

ជនដៃដល់សមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ យឹម សំណាង ហៅ តូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ហាង តែងបង្កបញ្ហា រាល់លើក ស្នាក់នៅកន្លែងកើតហេតុ ។ ទី២ ឈ្មោះ ជឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ បុគ្គលិកហាង ស្នាក់នៅកន្លែងកើតហេតុ ។ ទី៣ ឈ្មោះ រឿន រាម ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក ស្នាក់នៅកន្លែងកើតហេតុ។ ទី៤ ឈ្មោះ វណ្ណ វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បុគ្គលិករត់ដេញចាប់ម៉ូយតាមផ្លូវ ស្នាក់នៅកន្លែងកើតហេតុ ។ ទី៥ ឈ្មោះ ធាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិក រត់ដេញចាប់ម៉ូយ ។ ទី៦ ឈ្មោះ អំ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ផ្នែកខាងរត់ដេញចាប់ភ្ញៀវតាមផ្លូវ ។

ចំណែកជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ម្តុំលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិផ្សារលើ ឃុំ លលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (រងរបួសស្រាល)។ ទី២ ឈ្មោះ ឆាង សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែទៅរស់នៅខាងស្រុកជាមួយប្រពន្ធ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់)។ ទី៣ ឈ្មោះ  ឆាង សុវ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែរស់នៅជាមួយប្រពន្ធនៅស្រុក គងពិសី ខេត្ត កំពង់ស្ពឺ (រងរបួសធ្ងន់)។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ គាត់ទាំង៣នាក់បងប្អូន ជិះម៉ូតូឌុបគ្នា ជូនឈ្មោះ រ៉េត ធារិទ្ធ ទៅផ្ទះឯ ម្តុំលូ៥ តែចូលផឹកស៊ី​នៅហាងខាងលើជាមុនសិន ក្នុងការព្រមព្រៀងគ្នា ក្នុង១កេស ម្ហូប៤មុខតម្លៃ៣០ដុល្លារ លុះពេលជនរងគ្រោះ ចូលផឹកអស់៣កេស ទឹកសុទ្ធ១ដប នៅវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បើគិតឲ្យត្រឹមត្រូវ អស់តម្លៃ៩១ដុល្លារ តែផ្ទុយទៅវិញ ម្ចាស់ហាង គិតលុយឡើង រហូតដល់២៥០ដុល្លារឯណោះ ទើបជនរងគ្រោះសួរនាំ គិតលុយបែបណា បើគ្នា៣នាក់ និងស្រីផឹកកំដរ ហៅស្រាបៀមកផឹកអស់តែ៣កេស គិតលុយទៅលើអ្វីទៀត ទើបកើតជារឿងជជែកគ្នា ហើយជនរងគ្រោះក៏មិនចង់ឲ្យរឿងវែងឆ្ងាយដែរ មិនមែន៣នាក់ផឹកអស់ស្រា៣កេសនោះទេ នេះក៏ដោយសារ ក្រុមស្រីៗមកជួយបង្ហិនបំផ្លាញផង ទើបអស់៣កេសនោះ សុំចេញឲ្យ១២០ដុល្លារ តែម្ចាស់ហាងមិនព្រម កើតជារឿងហិង្សា ម្ចាស់ហាង លោក យឹម សំណាង ហៅតូ សក់វែង ស្រែកហៅកូនចៅ ប្រដាប់ដោយកាំបិត សំបកដប កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់ ហើយអូសចេញដាក់ក្រៅ ភ្លាមៗ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យបាត់ សូម្បីប៉ូលីសទៅមិនទាន់ផង ។

ជនរងគ្រោះបន្តទៀតថា ទើបតែមកដល់រសៀលថ្ងៃទី២១ ខែមិថុនានេះ ទើបបានចេញពីមន្ទីរពេទ្យ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី១តែម្តង ។ គ្រាន់តែទទួលពាក្យបណ្ដឹង សមត្ថកិច្ច នៅល្ថាចថ្ងៃទី២១ ដដែល កម្លាំងចុះទៅឃាត់នាំខ្លួន ថៅកែហាង និងកូនចៅ មកសាកសួរនៅប៉ុស្តិ៍ ហើយឃាត់ខ្លួនតែម្តង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា បុរសជើងខ្លាំង ម្ចាស់ហាងខាងលើ មានហាងចំនួន៣ បើកនៅផ្លូវ២០០៤ បង្កបញ្ហាច្រើនលើកច្រើនសារ កន្លងមក ម្ចាស់ហាងខាងលើ ធ្លាប់កាប់ភ្ញៀវឲ្យរងរបួស ប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការម្តងហើយ តែត្រូវបានតុលាកាដោះលែងមកវិញ បើតាមព័ត៌មានមួយថាអស់៥ពាន់ដុល្លារ កាលពីលើកមុន ដើម្បីនៅក្រៅឃុំ ចាំមើលលើកនេះ ឲ្យតុលាការប៉ុន្មានទៀត ទើបនៅក្រៅឃុំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post