header ads

Sponsor

ពិសី

ភ្នំពេញៈ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនិយាយថា ដេកផ្ទះឈ្នះឯង ដោយមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ប្រឹងដេកផ្ទះទៅ នឹងឆាប់ងាប់ហើយ ។ សម្ដេចតេជោ លើកឡើងបែបនេះ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណ២១,៤៦៥នាក់ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ។

លោក សម រង្ស៊ី តែងតែអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ដោយលោកលើកឡើងថា គ្រាន់តែដេកនៅផ្ទះ ឈ្នះទៅហើយ “ដេកផ្ទះ ឈ្នះឯង” ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ បានមានប្រសាសន៍ថា “បើយើងមិនធ្វើការ តើយើងបានអីទៅ អ្នកខ្លះបាននិយាយថា ដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង អីចឹងប្រឹងដេកផ្ទះបន្តិចទៅ វាឆាប់ងាប់ហើយ វាមានអីទៀត ។ កោតតែចេះនិយាយទៅរួច អាដេកផ្ទះឈ្នះឯង កុំថាឡើយទៅលើបញ្ហាផ្សេង សូម្បីតែអ្នកឯងដេកផ្ទះ ដេកមិនព្រមក្រោក មិនព្រមងើបស៊ីបាយ ក៏អ្នកដាច់ខ្យល់ងាប់ដែរ” ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ បានបញ្ជាក់ថា អ្នកខ្លះចោទសម្ដេចថា ដឹកនាំប្រទេសត្រឹមតែបញ្ជូនខ្មែរឲ្យទៅធ្វើខ្ញុំគេ ។ សម្ដេចថា បើដោះស្រាយការងារធ្វើមិនបាន គេចោទថា មិនគិតរកការងារឲ្យពលរដ្ឋធ្វើទេ ។

សូមរំលឹកថា លោក សម រង្ស៊ី បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ការទៅបោះឆ្នោត គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ តែការមិនទៅបោះឆ្នោត ក៏ជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែរ។ ក្នុងការបោះឆ្នោតមុនៗ មានពលរដ្ឋរាប់លាននាក់ ដែលមិនបានទៅបោះឆ្នោត ក្នុងមូលហេតុណាមួយ ហើយក៏គ្មាននរណាបានចាប់ថ្នាក់ ឬផ្តន្ទាទោសពលរដ្ឋ ដែលមិនបានទៅបោះឆ្នោតទាំងនោះឡើយ។ ម្យ៉ាងវិញទៀត ពលរដ្ឋម្នាក់ៗ មានសិទ្ធិមានយោបល់ និងមានសិទ្ធិសម្តែងមតិរបស់ខ្លួន”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post