header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅប្រទេសវៀតណាម បានកក្រើកឡើងយ៉ាងខ្លាំង ដោយឈ្មួញប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ ដឹកជញ្ជូនតាមផ្លូវជាតិលេខ៧៨ ឆ្លងកាត់ក្រុងបានលុង ខេត្តរតនគីរី ឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ យ៉ាងណា ពួកឈ្មួញបានរអ៊ូថា រកស៊ីមិនចំណេញនោះទេ។ មិនចំណេញ ព្រោះតែពួកគេត្រូវចំណាយលុយប្រមាណ១៥,០០០ដុល្លារ (១ម៉ឺន៥ពាន់ដុល្លារ) ទៅឲ្យសមត្ថកិច្ចជាហូរហែតាមផ្លូវរហូតដល់ច្រកអូរយ៉ាដាវ ក្នុងការដឹកឈើ១រថយន្តសម្រាប់១ជើង យកទៅលក់ឲ្យឈ្មួញវៀតណាម។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ពីក្រុងបានលុង ទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា រយៈពេលប្រមាណពីរសប្ដាហ៍កន្លងទៅនេះ ក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនឈើប្រណីតដោយប្រើប្រាស់រថយន្តស៊េរីទំនើបៗ ចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី យ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់តែម្ដង។ ឈ្មួញជាច្រើន បានប្រើប្រាស់សុទ្ធតែរថយន្តម៉ាក ឡង់គ្រីស័រ ឡិចស៊ីស ហាយឡែនឌ័រ ឬសាំយ៉ុង ដើម្បីដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ដោយក្នុងមួយយប់ៗប្រមាណ២០ទៅ៣០គ្រឿងឯណោះ។

ដោយឡែក ប្រភពពីសមត្ថិច្ចពាក់ព័ន្ធ បានលួចបង្ហើបប្រាប់ថា ឈើប្រណីតទាំងនោះ ឈ្មួញបានប្រមូលទិញពីខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៧៨ ឆ្លងកាត់ក្រុងបានលុង ខេត្តរនគិរី ដើម្បីយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ បានយ៉ាងរលូន។

សម្រាប់ក្រុមឈ្មួញវិញ ក៏បង្ហើបប្រាប់ដែរថា មុននឹងពួកគេហ៊ានធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេងបែបនេះ ដោយសារពួគេមានអ្នករត់ការបើកផ្លូវជាមុនហើយ ទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារអូរយ៉ាដាវ ដោយគ្មានការរំខានពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ។ ក្រុមឈ្មួញបញ្ជាក់ថា ក្នុងឈើ១តោន ដែលពួកគេដឹកចេញតាមច្រកអូរយ៉ាដាវ ត្រូវបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ៥០០ដុល្លារ ដូច្នេះបើរថយន្តសាំយ៉ុង១គ្រឿង ដែលអាចផ្ទុកឈើបាន៥តោន គឺគេត្រូវបង់ចំនួន២,៥០០ដុល្លារ(ពីរពាន់រប្រាំរយដុល្លារ) ទៅឲ្យសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកព្រំដែននេះ។

ករណីនេះ ពួកគេ(ឈ្មួញ)បានរអ៊ូថា រកស៊ីមិនចំណេញនោះទេ។ មិនចំណេញ ព្រោះថា បើសរុបការចំណាយសម្រាប់ការដឹកជញ្ជូនឈើ១ជើង សម្រាប់១រថយន្ត គឺគេត្រូវចំណាយអស់ប្រមាណ១៥,០០០ដុល្លារ (១ម៉ឺន៥ពាន់ដុល្លារ) រួចទៅហើយ ព្រោះមានការបង់ឲ្យមន្ត្រីធំៗ ក្នុងខេត្តរតនគិរីផងដែរ។

ពាក់ព័ន្ធសកម្មភាពដឹកជញ្ជូនឈើដ៏កក្រើកខាងលើនេះ សកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅក្នុងខេត្តរតនគិរី បានឲ្យដឹងថា ការដែលឈ្មួញអាចដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានយ៉ាងរលូនដូចសព្វថ្ងៃនេះ គឺមានការឃុបឃិតជាប្រព័ន្ធ។

អ្នកពាក់ព័ន្ធក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញនោះ រួមមាន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតពីខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ខណៈលោកផ្កាយ១ អ៊ី ចំរើន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺជាអ្នកមានសិទ្ធិអំណាចធំជាងគេ ក្នុងការបើកបារ៉ាសឲ្យឈ្មួញដឹកឈើឆ្លងកាត់ចូលទៅវៀតណាម បានយ៉ាងរលូន។

ក្រៅពីមន្ត្រីទាំងពីររូបខាងលើ សូម្បីតែគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងបំពេញការងារនៅក្នុងខេត្តរតនគិរីនោះ ក៏មិនទប់ស្កាត់ក្រុមឈ្មញនោះដែរ ហើយពួកគេបានចាត់ទុកក្រុមឈ្មួមទាំងនោះ ជាប្រភពចំណូលដ៏សំខាន់របស់គេទៀតផង។ ប្រភពបញ្ជាក់បន្ថែម។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ សកម្មជនការពារព្រៃឈើ ក៏ដូចជាការរអ៊ូរកស៊ីមិនចំណេញរបស់ក្រុមឈ្មួញខាងលើនេះ អង្គភាពសារព័ត៌មាន Cam Post មិនអាចស្វែងរកទំនាក់សុំការពន្យល់ណាមួយពីមន្ត្រីពាក់ព័ន្ធខាងលើបានឡើយ នាព្រឹកថ្ងៃពុធ ១កើត ខែអាសាដ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

ទោះបែបណាក្ដី មជ្ឈដ្ឋានមហាជនទូទៅរង់ចាំមើលថា តើពេលណា ទើបសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ និងកើតមាននៅក្នុងខេត្តរតនគីរី ក៏ដូចជាបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តផ្សេងៗ ត្រូវបានទប់ស្កាត់ ដើម្បីបន្សល់ទុកព្រៃឈើជាប្រយោជន៍រួមសម្រាប់ជាតិទាំងមូល ឬមួយទុកឲ្យឈ្មួញកាប់បំផ្លាញព្រៃឈើឲ្យក្លាយជាវាលរហោដ្ឋាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post