header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ភិបាលខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោក ជា ពិសី និងដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ទទួលបន្ទុកផ្នែកសំណង់ បានព្រមានចាត់វិធានការ ចំពោះសំណង់មហាភូមិគ្រឹះដ៍ធំស្កឹមស្កៃមួយកន្លែង របស់បុរសម្នាក់ឈ្មោះ លាស់ ប៊ីសេរ៉ា ជនជាតិខ្មែរឥស្លាម និងកូនប្រុសឈ្មោះ លាស់ យូរ៉ូម៉ា ជាអ្នកមើលការខុសត្រូវ និងជាអ្នកមានស្ដុកស្ដម្ភ ស្ថិតនៅទល់មុខសំណង់លំនៅដ្ឋានសម្បត្តិមាស «SM» ជាប់ផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដែលបានលួចសាងសង់រយះពេល៣ទៅ៤ខែមកហើយ ទាំងគ្មានលិខិតអនុញាតត្រឹមត្រូវពីសាលារាជធានីភ្នំពេញ និងទើបទទួលបានលិខិតអនុញាតពីរដ្ឋបាលខណ្ឌថ្មីៗនេះប៉ុណ្ណោះ។

ការព្រមានចាត់វិធានការក្ដៅ របស់អាជ្ញាធរខណ្ឌឫស្សីកែវ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីសំណង់មហាភូមិគ្រឹះដ៍ធំស្កឹមស្កៃ របស់បុរសម្នាក់ឈ្មោះ លាស់ ប៊ីសេរ៉ា ជនជាតិខ្មែរឥស្លាម និងកូនប្រុសឈ្មោះ លាស់ យូរ៉ូម៉ា ជាអ្នកមើលការខុសត្រូវ បាននិងកំពុងចាប់ផ្ដើមលួចស្ថាបនាបន្តទៅទៀតហើយ ដោយសារតែមានលោក តាន់ សុភ័ក្ត្រ មន្ត្រីការិយាល័យអន្តរវិស័យខណ្ឌ លួចរត់ការស្នើសុំលិខិតអនុញាតសាងសង់បន្តពីរដ្ឋបាលខណ្ឌនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗនេះទេ ក្រោយពីកម្លាំងមន្ត្រីការិយាល័យជុំនាញខណ្ឌ ចុះត្រួតពិនិត្យហាមឃាត់មិនព្រមស្ដាប់ជាច្រើនលើក រហូតឈានដល់ចុះផ្អាកដកហូតសម្ភារ មួយចំនួនមករក្សាទុកត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ មកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីឲ្យស្នើសុំលិខិតអនុញាតឲ្យបានត្រឹមត្រូវពីរដ្ឋបាលរាជធានីភ្នំពេញ ទើបអនុញាតឲ្យបន្តស្ថាបនាតទៅទៀតបាន។

ការបែកធ្លាយរឿងលោក តាន់ សុភ័ក្ត្រ មន្ត្រីការិយាល័យអន្តរវិស័យខណ្ឌឫស្សីកែវ បានលួចរត់ការក្រៅប្រព័ន្ធច្បាប់ ដើម្បីស្នើសុំលិខិតអនុញាតសាងសង់សំណង់លំនៅដ្ឋានមហាភូមិគ្រិះដ៍ធំស្កឹមស្កៃនេះដែរ បានផ្ទុះឡើងក្រោយពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដាក់បទបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួន ចុះទៅធ្វើការហាមឃាត់ផ្អាកបណ្ដោះអាសន្ន និងដកហូតសម្ភារ មួយចំនួនមករក្សាទុក ដើម្បីឲ្យធ្វើបែបបទស្នើសុំលិខិតអនុញាតឲ្យបានត្រឹមត្រូវជាមុនសិន ទើបអាចស្ថាបនាបន្តទៅទៀតបាន ស្រាប់តែបែកធ្លាយឃើញលិខិតអនុញាតឲ្យសាងសង់បន្តចុះត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ប៉ុណ្ណោះ។

ទោះបីយ៉ាងណា លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដែលជាអ្នកនាំដោយផ្ទាល់ ក្នុងការទប់ស្កាត់ចំពោះសំណង់ធំៗ ដែលលួខសាងសង់ ទាំងគ្មានលិខិតអនុញ្ញាត បានបញ្ជាក់ផងដែរថា សំណង់ដ៏ធំស្កឹមស្កៃ របស់លោក លាស់ ប៊ីសេរ៉ា ចាំបាច់ត្រូវតែមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ទើបអនុញ្ញាតឲ្យសាងសង់បន្តទៅទៀតបាន ជាពិសេសកូនប្រុសរបស់លោក លាស់ ប៊ីសេរ៉ា លោក លាស់ យូរ៉ូម៉ា ជាអ្នកមើលការខុសត្រូវ ឬជាងសំណង់នៅតែបន្តការសាងសង់ ទាំងមិនមានលិខិតអនុញ្ញាតនោះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល ដកហូតយកសម្ភារ ឧបករណ៍សំណង់មករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើង ដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ជាធរមាន។

លោកបន្តថា ការណែនាំនេះដែរទៀតសោធ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរង់ចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។

សូមបញ្ជាក់ថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ កន្លងមកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់សំណង់ធំៗ គ្រប់ប្រភេទ ដូចជា៖ បុរី, ខន់ដូរ, សណ្ឋាគារ, ផ្ទះសំណាក់ ឬបុកគ្រឹះសាងសង់ផ្ទះតូច-ធំ នៅទូទាំងខណ្ឌទាំងអស់ ចាំបាច់ត្រូវតែរៀបចំធ្វើបែបបទស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាមុនសិន ព្រោះនៅពេលដែលមន្ត្រីក្រុមការងារជំនាញចុះត្រួតពិនិត្យជាក់ស្ដែង តាមសំណង់នីមួយៗរបស់លោក-លោកស្រី ឃើញថា មួយចំនួនមិនមានច្បាប់ និងមួយចំនួនមានច្បាប់អនុញ្ញាតសាងសង់ត្រឹមតែសាលាសង្កាត់ និងមួយចំនួនទៀតមានត្រឹមខណ្ឌ មិនមានដល់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។

លោក ជា ពិសី បានបញ្ជាក់ថា ពិសេសសូមឲ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ រាប់ចាប់ពីថ្នាក់ភូមិ-សង្កាត់-ខណ្ឌ គួរតែរៀបចំអនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាលខ្លួនយើងឲ្យស្អាត ក្នុងការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ តាមរយះការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខណ្ឌ ដើម្បីជៀសវាងបាននូវការរិះគន់ផ្សេងៗ ពីក្រៅប្រព័ន្ធច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post