header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា ការងារផ្សព្វផ្សាយអំពីដំណើរការសាលាក្តីខ្មែរក្រហម ដើម្បីឲ្យប្អូនៗសិស្សានុសិស្សបានយល់ដឹងអំពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ ចំពោះឧក្រិដ្ឋកម្មដែល បានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្រៅពីការស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបខ្មែរក្រហម សាលាក្តីចម្រុះនេះក៏បានចូលរួមក្នុងការពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រ និងការផ្សះផ្សាជាតិ និងដឹងការពិតអំពីរបបខ្មែរក្រហមផងដែរ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចងចាំពិតពីរឿងរ៉ាវអតីតកាល ពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្មឃោរឃៅដូចរបបខ្មែរក្រហម។

លោក នេត្រ ភក្ត្រា បានថ្លែងថា សាលាក្តីខ្មែរក្រហមមានតួនានទីក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជាដែលរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែសាលាក្តីខ្មែរក្រហម ក៏ជាផ្នែកមួយនៃកន្លែងសិក្សាអប់រំអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដែរ ព្រោះថាតាមរយៈសវនាការសាធារណៈលើសំណុំរឿងនៅចំពោះមុខតុលាការ សាធារណជនអាចទទួលបានព័ត៌មានលម្អិតអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឯកសារដែលផ្នែកកិច្ចការសាធារណៈបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន គឺជាឯកសារខ្លះទាក់ទងនឹងទិដ្ឋភាពច្បាប់ ខ្លះទៀតទាក់ទងនឹងសំណុំឯកសារភស្តុតាង ឬអង្គហេតុផ្សេងៗ។

លោកបន្តថា ពេលដែលសាធារណជនមកចូលរួមស្តាប់សវនាការ និងធ្វើទស្សនកិច្ចសិក្សា ពួកគាត់ស្តាប់ការធ្វើបទបង្ហាញពីភាគីផ្សេងៗនៅក្នុងតុលាការ ដែលនេះគឺបានពង្រឹងចំណេះដឹងរបស់គាត់មួយកម្រិត បន្ថែមពីលើចំណេះដឹងដែលពួកគាត់បានសិក្សានៅសាលា ឬទទួលបានការធ្វើបទបង្ហាញនៅតាមសាលាដែលមន្ត្រីផ្នែកកិច្ចការ សាធារណៈចុះទៅដោយផ្ទាល់។  

ថ្លែងបែបនេះ ខណៈសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មកពីស្រុកព្រៃឈរ និងស្រុកកំពុងសៀមខេត្តកំពង់ចាមប្រមាណ ៧០០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

យោងតាមការរកសិក្សានានាពេលថ្មីៗនេះរបស់មជ្ឈមណ្ឌលហាន់ដាសម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរជាតិរបស់សហរដ្ឋអាមេរិក រកឃើញថា សាលាក្តីខ្មែរ ក្រហមមានសក្តានុពលក្នុងការរួមចំណែកយ៉ាងសន្ធឹកសន្ធាប់គួរឲ្យកត់សម្គាល់ដល់វិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសក្តានុពលនេះមិនទាន់ត្រូវបានយកមកប្រើប្រាស់ពេញលេញនៅឡើយនោះទេ។

អ្នកចូលរួមផ្តល់បទសម្ភាសន៍ភាគច្រើនជានិស្សិត បានកំណត់សក្តានុពលសម្រាប់សាលាក្តីក្នុងការអប់រំដល់ជំនាន់របស់ពួកគេអំពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដោយបានចាត់ទុកថាជាកេរ្តិ៍ដំណែលដ៏មានសក្តានុពលធំធេងបំផុតរបស់សាលាក្តី ហើយបានផ្តល់ចំណាត់ថ្នាក់នេះខ្ពស់ជាងកេរ្តិ៍ដំណែលដទៃទៀតដូចជាកេរ្តិ៍ដំណែកតុលាការ កេរ្តិ៍ដំណែលផ្លូវចិត្ត និងកេរ្តិ៍ដំណែលក្នុងការកសាងសមត្ថភាពជាដើម។

របាយការណ៍ដដែលបានធ្វើសេចក្តីសន្និដ្ឋានថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបានបង្កើតឡើងជាយន្តការតុលាការដើម្បីជំនុំជម្រះក្តីលើជនជាប់ចោទនៃបទឧក្រិដ្ឋកម្មដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។

ទោះបីយ៉ាងនេះក្តី អស់ពេលជិត១១ឆ្នាំមកនេះ កេរ្តិ៍តំណែលរបស់សាលាក្តីខ្មែរក្រហមបាន និងកំពុងរីកចម្រើនយ៉ាងល្អហួសពីគោលដៅដ៏តូចចង្អៀតនេះ។

អ្នកផ្តល់បទសម្ភាសន៍ម្នាក់បានលើកឡើងថា «តាមគំនិតខ្ញុំ អ.វ.ត.ក បាន និងកំពុងមានផលប៉ះពាល់ទៅលើវិស័យអប់រំកាន់តែច្រើនឡើងៗ បើប្រៀបធៀបនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត។ គម្រោងដ៏ច្រើននៃគំនិតផ្តួចផ្តើមដែលមានដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងកើនឡើងទាំងបរិមាណ និងគុណភាពនៅប៉ុន្មានឆ្នាំមកនេះ ស្របតាមអត្ថិភាពរបស់សាលាក្តីខ្មែរក្រហម»។ ក្រុមនិស្សិតដែលបានផ្តល់បទសម្ភាសន៍ក្នុងរបាយការណ៍នេះ បានកំណត់ពីអត្ថប្រយោជន៍នៃការអប់រំ របស់ អ.វ.ត.ក ជាកេរ្តិ៍ដំណែលដ៏មានសារៈសំខាន់បំផុតរបស់ សាលាក្តីនេះ។ និស្សិតដែលធ្លាប់បានទៅទស្សនាសាលាក្តី បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា ពួកគេបានរៀនសូត្រច្រើននៅទីនោះជាងកាលដែលពួកគេអានសៀវភៅ។

ប្រធា​នផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍បន្ថែមថា ការសិក្សានេះ ពិតជាបានធ្លុះបញ្ចាំងពីការពិត ហើយកាលដែលយុវជនបានវាយតម្លៃថាសាលាក្តីខ្មែរក្រហម បានចូលរួមចំណែកក្នុង វិស័យអប់រំជាពិសេសការអប់រំផ្នែកប្រវត្តិសាស្ត្រគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់តុលាការលើការងារផ្សព្វផ្សាយទាំងជាមួយសាធារណជនដោយផ្ទាល់ ក៏ដូចជាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិនានា។ ការផ្សព្វផ្សាយដែលធ្វើឲ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងមានព័ត៌មានលម្អិតពីដំណើរការ របស់សាលាក្តី។

​ចាប់តាំងពីដំណើរ នៅឆ្នាំ២០០៦ រហូតមកទល់នឹងដើមឆ្នាំ២០១៨ នេះ សាលាក្តីខ្មែរក្រហមបានចុះផ្សព្វផ្សាយនៅតាមភូមិឃុំនៅទូទាំងប្រទេសកម្ពុជា និងបានស្វាគមន៍បងប្អូនប្រជាពលរដ្ឋមក ពីខេត្តនានាមកទស្សនាសាលាក្តី ក៏ដូចជាចួលរួមស្តាប់សវនាការលើសំណុំរឿងផ្សេងៗដោយផ្ទាល់។ សរុប សាធារណជនប្រមាណជិត ៦ សែននាក់ហើយ ដែលតុលាការបានផ្សព្វផ្សាយក្នុង នោះពាក់កណ្តាលគឺជាយុវជនដែលកើតក្រោយរបបខ្មែរក្រហម។​

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុវជនមានតួនាទីក្នុងការរក្សានូវការចងចាំដែលចាំបាច់ត្រូវតែសិក្សា ឈ្វេងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន ព្រោះប្រវត្តិសាស្ត្រគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post