
សហគមន៍ខ្មែរកម្ពុជាក្រោម ប្រារព្ធខួបបាត់បង់ទឹកដីខ្មែរក្រោម នៅថ្ងៃទី៤ មិថុនា ជាខួបទី៦៩ឆ្នាំ (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០១៨) នៅក្នុងសហគមន៍ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលអាចផ្ទុកមនុស្សបានចន្លោះ២០០ ទៅ៥០០នាក់ដោយគ្មានការហែរញត្តិ ដោយសារតែស្ថានភាពនយោបាយមានភាពតានតឹងខ្លាំង។
ក្នុងខួប៦៩ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរក្រោមនៅឆ្នាំនេះ ក៏មានការចូលរួមពីព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែរ។
ក្រៅពីមិនហែញត្តិ សហគមន៍ខ្មែរក្រោម ក៏មិនបានដាក់លិខិតអញ្ជើញតំណាងគណបក្សនយោបាយ ឱ្យចូលរួមកម្មវិធីដូចរាល់ឆ្នាំដែរ ដោយគ្រាន់អំពាវនាវជាទូទៅឱ្យពលរដ្ឋខ្មែរចូលរួម។ នៅក្នុងកម្មវិធីនេះ សហគមន៍ខ្មែរក្រោម ក៏នឹងរៀបចំវេទិកាសំណួរចម្លើយ ស្ដីពីការបាត់បង់ទឹកដីកម្ពុជាក្រោម ដើម្បីពង្រីកចំណេះដឹងរបស់ពលរដ្ឋ ទាក់ទងនឹងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមផងដែរ។
លោក ថាច់ សេដ្ឋា ប្រធានប្រតិបត្តិសហគមន៍ខ្មែរក្រោម បានរៀបរាប់ថា ចាប់ពីពេលនោះមក អាជ្ញាធរអាណានិគមវៀតណាម បានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរយ៉ាងសាហាវឃោរឃៅជាទីបំផុត។ លោក ថាច់ សេដ្ឋា បញ្ជាក់ថា ការតស៊ូពលីជីវិតនៃប្រជាជាតិខ្មែរ ក៏ចាប់ផ្ដើមឡើង ដើម្បីការពារអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិជាដើម ហើយដើម្បីសម្ដែងនូវកតញ្ញុតាធម៌ និងគារវកិច្ច ចំពោះវីរបុរសស្នេហាជាតិ ។
កាលពីឆ្នាំមុន សហគមន៍ខ្មែរក្រោមបានទទូចឱ្យរបបក្រុងភ្នំពេញបញ្ចូលថ្ងៃទី៤ មិថុនា ជាទិវាជាតិ ដើម្បីរំលឹកពីការបាត់បង់ទឹកដីកម្ពុជាក្រោម តែត្រូវរបបក្រុងភ្នំពេញបដិសេធ។
កាលពីថ្ងៃអាទិត្យ ទី០៣ ខែមិថុនា នៅឯវត្តខ្មែរមួយកន្លែងឈ្មោះ វត្តពោធិវង្ស ស្ថិតនៅជាយទីក្រុងប៉ារីស ប្រទេសបារាំង សមាគមសហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំពិធីបុណ្យរំលឹកខួប៦៩ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ កម្មវិធីនេះ មានពិធីសូត្រមន្តបង្សុកូល រំលឹកវិញ្ញាណក្ខន្ធដល់បុព្វការីជន ខ្មែរកម្ពុជាក្រោម ដែលបានស្លាប់ ក្នុងការតស៊ូរើបំរះ ហើយជាចុងក្រោយនៃកម្មវិធី គឺមានការជជែកដោះដូរយោបល់ ស្តីពីស្ថានភាពសិទ្ធិសេរីភាព របស់ប្រជាជនខ្មែរ នៅឯដែនដីកម្ពុជាក្រោម បច្ចុប្បន្ននេះ។
យោងតាមហ្វេសប៊ុកកញ្ញា លី ចាន់វត្តី បានឱ្យដឹងថា៖កូនខ្មែរនៅកូរ៉េខាងត្បូង ប្រារព្ធពីធីរំលឹកខួបបាត់បង់ទឹកដី ខ្មែរកម្ពុជាក្រោម។
សូមរំលឹកថា អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។


