header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី អតីតប្រធាន​អតីតគណបក្សប្រឆាំង ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងនាមជាជនសង្ស័យលើករណីថ្មីមួយទៀត ពោល គឺករណីប្រមាថព្រះចេស្ដាអង្គព្រះមហាក្សត្រ។ នេះបើតាមដីកាកោះរបស់លោក សៀង សុខ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបាននៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមដីកាកោះចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ របស់លោក សៀង សុខ បានកោះហៅលោក សម រង្ស៊ី ឲ្យចូលទៅបំភ្លឺចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅជាន់ទី២ បន្ទប់ "ឋ" វេលាម៉ោង៩៖០០នាទីព្រឹក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីធ្វើការសាកសួរលើករណីប្រមាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំ២០១៨។

ការកោះហៅអតីតប្រធានអតីតគណបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីកាលពីសប្ដាហ៍មុន លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ចំពោះលោក សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងថា លោក អង្គ វង្សវឌ្ឍានា បានធ្វើអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ចំពោះករណីនេះហើយ។ ការធ្វើអធិបញ្ជារបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីការពារព្រះចេស្តាអង្គព្រះមហាក្សត្រ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា។

សូមជម្រាបថា វិធានការរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បានធ្វើឡើងស្របពេលដែលមានការងើបទាមទារឲ្យតុលាការកម្ពុជា ចាត់វិធានការឲ្យបានម៉ឺងម៉ាត់តាមច្បាប់ ចំពោះលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។

យ៉ាងណាក្តី អ្នកនយោបាយវ័យក្មេង លោក ពេជ្រ ស្រស់ បានស្នើដល់អ្នកនយោបាយទាំងអស់ សុំកុំយកស្ថាប័នព្រះមហាក្សត្រ មកធ្វើការលាយឡំនឹងឆាកនយោបាយ។

ដោយឡែក សម្រាប់លោក សម រង្ស៊ី វិញ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក មិនបានទទួលស្គាល់ថា លោកបានប្រមាថព្រះមហាក្សត្រនោះទេ ដោយលោកបានដាក់កំហុសទៅលើសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកប្រមាថព្រះមហាក្សត្រទៅវិញ។

លោកបានសរសេរលើបណ្តាញសង្គម បញ្ជាក់យ៉ាងដូច្នេះថា “គ្មាននរណាមើលងាយ ព្រះមហាក្សត្រ ជាងជនផ្តាច់ការសម្តេច ហ៊ុន សែន ទេ ដែលជេរប្រមាថ និងគំរាមកំហែងព្រះមហាក្សត្រ តាំងពីយូរឆ្នាំមកហើយ ព្រមទាំងយកព្រះមហាក្សត្រ ប្រើជាខែល ដើម្បីបន្តអំណាចផ្តាច់ការរបស់គាត់។ ដោយដឹងថា របបគាត់មិនមានការគាំទ្រពីប្រជារាស្ត្រ ហើយក៏មិនមានភាពស្របច្បាប់តែមួយគត់ ដែលមានតម្លៃពិតប្រាកដ គឺការគាំទ្រពីប្រជារាស្ត្រនេះតែម្តង គាត់ក៏យកព្រះមហាក្សត្រ ដែលស្ថិតក្នុងកណ្តាប់ដៃគាត់ ទៅប្រើដើម្បីបានភាពស្របច្បាប់ក្លែងក្លាយមួយឲ្យទៅរបបផ្តាច់ការរបស់គាត់”។

លោកបន្តថា ចុងក្រោយនេះ សម្តេច ហ៊ុន សែន បានឲ្យបក្ខពួកគាត់រៀបចំ “ច្បាប់ប្រមាថព្រះមហាក្សត្រ” គ្រាន់តែដើម្បីយកមកធ្វើជាលេសក្នុងគោលបំណងបង្ក្រាបប្រជារាស្ត្រ ដែលទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post