header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកផ្កាយ៤ សុខ ផល បានប្រតិកម្មភ្លាមៗជុំវិញការលើកឡើងថា លោកផ្កាយ២ ជុំ សុខឿន មន្រ្តីប៉ូលិសក្រសួងមហាផ្ទៃ ជាក្មួយរបស់លោក ដោយដើរបោកលុយប្រជាពលរដ្ឋរាប់ម៉ឺនដុល្លារ។ លើសពីនេះលោកក៏ស្នើរឱ្យសមត្ថកិច្ចជំនាញចាត់ការជននេះផងដែរ។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា លោកផ្កាយ២ ជុំ សុខឿន មិនមែនជាក្មួយរបស់លោកទេ ហើយអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក៏មិនមាន រើសមន្រ្តីចូលក្របខ័ណ្ឌដែរតាំងពី ឆ្នាំ២០១៧-២០១៨មកម៉្លេះ។

យោងតាមលិខិតបំភ្លឺមួយសន្លឹកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ផ្ញើមកកាន់អង្គភាពសារព័ត៌មាន Cam Post បានឱ្យដឹងថា “ឧត្តមសេនីយ៍ទោ ជុំ សុខឿន មិនមែនជាក្មួយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឧត្តមសេនីយ៍ទោ ជុំ សុខឿន មិនមែនជានគរបាលស្ថិតនៅក្របខ័ណ្ឌអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទេ។ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានការជ្រើសរើសក្របខ័ណ្ឌថ្មីឡើយ”។

សូមបញ្ជាក់ថា ក្រោយការចុះផ្សាយរបស់អង្គភាព សារព័ត៌មាន Cam Post កាលពីរសៀលថ្ងៃទី២១ មិថុនា ២០១៨ ក្រោមចំណងជើងថា “ប៉ូលិសផ្កាយ២ និងយោធា ស័ក្តិ៤កន្លះ រងបណ្តឹងបោកលុយរាប់ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌ” ហើយនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានចេញលិខិតបដិសេធភ្លាមៗ។

បើតាមខ្លឹមសារដែល Cam Post បានចុះផ្សាយ ទឹកប្រាក់ រាប់ម៉ឺនដុល្លារ ដែលជនរងគ្រោះជាច្រើននាក់ បានចាញ់បោក លោកផ្កាយ២ មន្រ្តីប៉ូលិស ក្រសួងមហាផ្ទៃម្នាក់ និងលោក ស័ក្តិ ៤កន្លះ ជាមន្រ្តីយោធាម្នាក់ ដោយពួកគេទាំងពីរនាក់នេះ បានដើរឃោសនា អួតអាង ជាក្មួយលោកផ្កាយ៤ សុខ ផល ដែលអាចរត់ការ ឱ្យបានចូល ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និង បានចូលជាមន្រ្តីយោធា។

ក្រោយពីប្រជាពលរដ្ឋ រងគ្រោះបានដឹងពីគំនិតមិនល្អ របស់ពួកគេទាំង២នាក់ហើយនោះ ពលរដ្ឋក៏បាន ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ពាក់ព័ន្ធជនឆបោកទាំង២នាក់នេះ ដោយម្នាក់ ឈ្មោះ ជុំ សុខឿន ឋាន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ផ្កាយ២ ក្រសួងមហាផ្ទៃ និងម្នាក់ទៀត ឈ្មោះ គឹម ឬទ្ធី មានឋាន្តរស័ក្តិ ពាក់ស័ក្តិ៤កន្លះ អត្តលេខ ០២៥១៨៩ មន្រ្តីយោធានៅកងពលលេខ២ ប្រចាំទិសប្រាសាទព្រះវិហារ។

យោងតាមពាក្យបណ្តឹងដែល Cam Post ទទួលបាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះថា ដោយសារតែជនរងគ្រោះ ជឿតាមការ អះអាង ថាខ្លួន (ឈ្មោះ ជុំ សុខឿន) ជាក្មួយ របស់ លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ អាច រត់ការ អោយបានចូលក្របខ័ណ្ឌ នគរបាលជាតិ ទើបបណ្តាលអោយ ជនរងគ្រោះមានការទុកចិត្ត ឈានដល់ ចាញ់បោក ជនទាំងពីរនេះ សរុប រាប់ម៉ឺនដុល្លារ។

បច្ចុប្បន្ន ឈ្មោះ ជុំ សុខឿន និង ឈ្មោះ គឹម ឬទ្ធី កំពុងគេចខ្លួន ក្រោយយកលុយ ពីជនរងគ្រោះជាច្រើននាក់ ទើបជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យប្តឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post