
ភ្នំពេញៈ នារីម្នាក់ស្រវឹងស្រាស្រឿងៗ នឹកឃើញរឿងប្ដីស្លាប់ឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តកូរ៉ូឡាបំបុកបង្គោលភ្លើងបាក់អស់មួយដើម បំណងចងស្លាប់ទៅជាមួយប្ដី តែសំណាងវាស្លាប់ គ្រាន់តែខូចខាតរថយន្ត។
ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9046 បើកបរដោយនារីម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហតុ ក៏បុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើម រថយន្តខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ។


តាមការបញ្ជាក់ពីនារីម្នាក់ជាអ្នកបើកបររថយន្ត បានឲ្យដឹងថា ក្នុងពេលបើកបរនោះ គាត់រាងស្រវឹងស្រឿងៗ និងនឹកឃើញរឿងប្តីគាត់ជាជនជាតិបរទេសជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅជិតវិមានឯករាជ្យ នាងក៏តូចចិត្ត ចង់បើករថយន្តបុកបង្គោលភ្លើងឲ្យស្លាប់ តែវាមិនស្លាប់។

ក្រោយកើតហេតុសម្ថកិច្ចជំនាញបានមកដល់ទីតាំងកន្លែងកើតហេតុវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

វីដេអូ ៖