
ភ្នំពេញៈ ស្រ្តីម្នាក់ ដោយសារវិបត្តិក្នុងគ្រួសារ បានដាច់ចិត្តបីកូនតូចអាយុទើបតែបាន២ខែប៉ុណ្ណោះ មកលោតទឹកស្ពានជ្រោយចង្វារថ្មី តែមិនបានសម្រេចឡើយ ដោយត្រូវប្រជាពរដ្ឋឃើញ និងឃាត់នាំមកគល់ស្ពានត្រើយខាងលិច ប្រគល់ឲ្យសមត្ថកិច្ចណែនាំ។
ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចលើស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលបីកូនតូចអាយុ២ខែ ប៉ុនប៉ងសម្លាប់ខ្លួននេះ មានឈ្មោះ ខេង ណាវី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ និងស្នាក់នៅផ្ទះជួលម្ដុំរោងកុនលុច្ស ស្ថិតក្នុងខណ្ឌដូនពេញ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ។ ចំណែកប្ដីជាជនជាតិបរទេស មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។
ស្ត្រីរងគ្រោះរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ទាំងទឹកភ្នែកថា មុនឈានដល់ការសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ ដោយសារតែនាងពិបាកចិត្តពេក ព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយៈកាលជាង៨ឆ្នាំមកហើយនោះ មួយរយៈនេះគាត់ដើរលេងមិនសូវចូលផ្ទះទេ និងមានស្រីនៅខាងក្រៅទៀត។ ចំណែកលុយកាក់វិញ គាត់(ប្ដី)មិនដែលឲ្យគ្រប់គ្រាន់ទេ ជួនកាលដាច់បាយក៏មានដែរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានមកដល់ និងបាននិយាយលួងលោមអស់រយៈពេលយូរ ទើបនាងព្រមទៅជាមួយសមត្ថកិច្ចត្រឡប់ទៅផ្ទះជួលវិញ៕


