header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានស្ទាក់ចាប់រថយន្ត១គ្រឿងប្រភេទបាឡែន ដែលសង្ស័យថា រថយន្តនេះបានដឹកជញ្ជូនគ្រឿងញៀនពីខេត្តបាត់ដំបងឆ្លងកាត់ទៅប្រគល់ឲ្យឈ្មួញធំនៅក្រុងប៉ោយប៉ែត។

ការស្ទាក់ចាប់នេះ សមត្ថកិច្ចធ្វើឡើងនៅម៉ោងប្រមាណ៣ និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ចំណុចស្ពានតាផាន់ ស្ថិតក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីករណីដឹកជញ្ជូនគ្រឿងញៀនចេញពីខេត្តបាត់ដំបង លោកក៏បានរៀបកម្លាំងចុះប្រតិបត្តិការពួនស្ទាក់នៅចំណុចខាងលើ។ លុះដល់វេលាកើតហេតុ មុខសញ្ញាក៏ចេញមុខមក ហើយកម្លាំងបានចេញរថយន្តបិទជាប់នៅលើស្ពាន។ បន្ទាប់មកក៏បានបង្ខំឲ្យមុខសញ្ញា២នាក់ចេញពីក្នុងរថយន្ត។

ក្នុងប្រតិបត្តិការពួនស្ទាក់នោះ កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនមួយកាបូបស្ពាយជាប្រភេទកេតាមីន (ខេហិត) ចំនួន២៥០ដប។

វរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន ទី២-ឈ្មោះ ឌឿម មិនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នករត់តាក់ស៊ី។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឡាយ ទិត្យសីហា បានសារភាពថា គ្រឿងញៀនទាំងអស់នេះគឺ ឈ្មោះ ចែ ដា រស់នៅក្នុងភូមិជាមួយគ្នា ជាអ្នកឲ្យរូបគេយកទៅឲ្យឈ្មោះ ចែ យ៉ា នៅក្រុងប៉ោយប៉ែត អត់ពាក់ព័ន្ធជាមួយអ្នករត់តាក់ស៊ីនោះទេ។

ជនសង្ស័យទាំងពីរនាក់បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post