header ads

Sponsor

រិទ្ធី

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ កំពង់ចាម របស់គណបក្សប្រជាជនកម្ពុជាបានបង្ហើបប្រាប់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ អំពីក្តីសុបិនធំប្រចាំឆាកជីវិត នោះគឺការប្រាថ្នាចង់ឃើញប្រជាពលរដ្ឋស្រុកព្រៃឈរ រស់នៅក្នុងជីវភាពល្អប្រសើរ ប្រកបដោយសេចក្តីសុខ សុភមង្គល ជាមួយក្រុមគ្រួសារ នៅក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមអធិបតីភាព នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ទូទាំងស្រុកព្រៃឈរ ចំនួនជាង ៤០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន អាជ្ញាធរដែនដី និងមន្ត្រីរាជការជាច្រើនរូប។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានជំនឿមុតមាំថា ថ្ងៃណាមួយបំណងប្រាថ្នារបស់ឯកឧត្តម នឹងក្លាយជាការពិត ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស។នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឡើងវិញ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមរហូតទទួលបាននូវសុខសន្តិភាពពេញបរិបូរ និងវឌ្ឍនភាពគ្រប់វិស័យ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភ និងគាំពារសុខមាលភាពជរាជន និងនិវត្តជន ដើម្បីមនុស្សចាស់ និងគោលនយោបាយជាតិ សម្រាប់មនុស្សចាស់នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧-២០៣០ ដែលផ្តោតសំខាន់លើការពង្រីកគម្រោងចូលនិវត្តន៍ និងសោធនសម្រាប់កម្មករនិយោជិត ព្រមទាំងការបង្កើត និងដាក់អ្នកជំនាញដែលមានការបណ្តុះបណ្តាលផ្នែកថែទាំមនុស្សចាស់ នៅគ្រប់មណ្ឌលសុខភាពទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាតិរឹងមាំ ហើយរាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហាសង្គម សំដៅឆ្លើយតបក្តីកង្វល់ និងបំណងប្រាថ្នាភាគច្រើនរបស់ប្រជាជន តាមរយៈការបង្កើតមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ និងសេវាគាំពារសង្គមជូនប្រជាពលរដ្ឋទូទៅ រួមទាំងនិវត្តជនផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post