Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គូសង្សារមួយគូជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ហើយព្យាយាមជិះគេចពីសមត្ថកិច្ច ដែលកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវ ទាំងក្នុងទិសដៅបញ្ច្រាសទិសដៅចរាចរណ៍ បានជ្រុលប៉ះនឹងម៉ូតូមួយគ្រឿងបណ្តាលឲ្យដួល ហើយនៅតែបន្តជិះរត់គេចទៅក្រោយទៀត ក៏ទៅបុកនឹងរថយន្តកុងទីន័រ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យ ជាស៊ីម សាមគ្គី នៅលើកំណាត់ផ្លូវ២៧១ ស្ថិតក្នុងបឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ប្រុសស្រីមួយគូ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1K-4040 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយនារីជាសង្សារអង្គុយពីក្រោយ មិនបានពាក់មួកសុវត្ថិភាពនោះទេ។ លុះមកដល់ចំណុចកើតហេតុ ដោយឃើញសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខ ចម្ងាយប្រហែល៣០ម៉ែត្រ គេក៏បត់ម៉ូតូត្រឡប់ក្រោយ ហើយជ្រុលទៅទាក់ដៃចង្កូតនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-6550 ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យម៉ូតូ Zoomer-X ដួលអូសជាង១០ម៉ែត្រ រងការខូចខាតបន្តិចបន្តួច។ ដោយឡែក អ្នកបើកបររងរបួសរលាត់ដៃរលាត់ជើង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ម៉ូតូបង្កខាងលើ បានព្យាយាមបើកគេចទៅក្រោយទៀត ទាំងបញ្ច្រាសទិសដៅចរាចរណ៍ និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកកន្ទុយរថយន្តកុងទីន័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9354 ដែលបើកបរដោយបុរសម្នាក់ ចេញមកពីខាងក្រោយវិទ្យាល័យជាស៊ីម តាមបណ្តោយផ្លូវ២៧១ស្ទួន ហើយបានបត់ឆ្វេងទៅផ្លូវ២៧១ បំណង់ឡើងស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯបុរសជាអ្នកបើកបរម៉ូតូ បានរងរបួសបែកក្បាលធ្ងន់ធ្ងរ និងនារីជាសង្សារអង្គុយពីក្រោយរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។ ភ្លាមៗនោះ អ្នកបើកបររថយន្តកុងទីន័រ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ដោយភាគីខាងម៉ូតូ Zoomer-X មិនចង់មានរឿងវែងឆ្ងាយ ក៏បានទូរស័ព្ទហៅសាច់ញាតិឲ្យមកយកខ្លួន និងម៉ូតូចេញទៅបាត់ទៅ។ ដោយឡែក រថយន្តកុងទីន័រ និងម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor