
ភ្នំពេញ៖ លោក អេង ឆៃអ៊ាង អតីតៈអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្ន កំពុងតែនារិតេសខ្លួនទៅរស់នៅក្រៅប្រទេស បានបង្ហោះសារ តាមរយៈFacebookរបស់ខ្លួន នៅថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០១៨នេះ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងតែភ័យខ្លាច ប្រជាពលរដ្ឋ មិនទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ខែ កក្ដដា ខាងមុខ។ លោក អេង ឆៃអ៊ាង បានលើកឡើងថា “បោះឆ្នោតលើកនេះ ហ៊ុន សែន លែងបំភ័យរាស្ត្ររឿងចាញ់ ឆ្នោត ស្រុកកើតសង្គ្រាមទៀតហើយ តែបែរមកភ័យខ្លួនឯងវិញ រឿងរាស្ត្រមិនទៅ បោះឆ្នោតក្លែងក្លាយ និងសហគមន៍អន្តរជាតិមិនទទួលស្គាល់” ។

បន្ទាប់ពីការបង្ហោះសារ ចំអកឲ្យប្រមុខសរាជរដ្ឋាភិបាលកម្ពុជា មានអ្នកគាំទ្រអតីត គណបក្សសង្រ្គោះជាតិជាច្រើននាក់ បានចេញមកផ្ដល់មតិដោយគាំទ្រនៅការលើក ឡើងខាងលើនេះ។ ក៏ប៉ុន្តែទើជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានលើកឡើងជាច្រើនដងមកហើយថា ទោះបីជាប្រទេសមួយចំនួនមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតក៏ដោយ ក៏សម្តេចមិនចាប់ អារម្មណ៍ដែរ សំខាន់ឲ្យតែប្រជាពលរដ្ឋកម្ពុជា របស់សម្តេចទទួលស្គាល់គឺវាគ្រប់គ្រាន់ ហើយ៕


