header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​ បានអះអាងថា ការបង្កើតទំនាក់ទំនងកាទូត រវាងកម្ពុជា-ចិន រយៈពេល៦០ឆ្នាំកន្លងមកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះថា ការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់បានពីជំនួយរបស់ប្រទេសចិនទេ ហើយជំនួយរបស់ចិនមិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យរីកចម្រើនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានជួយការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ។

ថ្លែងក្នុងពេលផ្តល់កិច្ចសម្ភាសន៍ នាទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹងថា ឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតផ្លូវការ រវាងកម្ពុជា-ចិន ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុងរយៈពេល៦០ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ជាពិសេស ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន អញ្ជើញមកកម្ពុជា កាលពីដើមឆ្នាំ២០១៨ ។

លោកបន្ដថា ជំនួយរបស់ចិនជួយដល់កម្ពុជាមានច្រើនរាប់មិនអស់ ក្នុងនោះ គិតត្រឹមឆ្នាំ២០១៨ ជំនួយឥតសំណងមាន ជាង១២០០លានដុល្លារអាមេរិក ក្រៅពីនោះ ក៏មានកម្ចីសម្បទានជាច្រើនពាន់លានដុល្លារអាមេរិកថែមទៀត ហើយការវិនិយោគរបស់ចិននៅកម្ពុជា មានយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ។ ក្នុងនោះ ប្រទេសចិន បានក្លាយជាប្រទេសទីមួយដែលហ៊ានវិនិយោគក្នុងទំហំទឹកប្រាក់ ជិត៣០០០ពាន់លានដុល្លារ ក្នុងការបង្កើតវារីអគ្គិសនីនៅកម្ពុជា ជាការចូលរួមចំណែកធ្វើឲ្យតម្លៃអគ្គិសនីនៅកម្ពុជា ចុះថោកបន្ថែមទៀត ជួយលើកតំឡើងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងជួយអភិវឌ្ឍន៍វិស័យឧស្សាហកម្មផងដែរ ។

លោក ហោ ណាំហុង បានបញ្ជាក់ថា ចំពោះគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់ប្រធានរដ្ឋចិនវិញ គឺពិតជាអស្ចារ្យ និងថ្លៃថ្លាបំផុតសម្រាប់កម្ពុជា ព្រោះដោយសារតែគំនិតផ្តួចផ្តើមនេះ ចិនបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដល់កម្ពុជា ក្នុងនោះ គមនាគមន៍​  អាហារូបករណ៍​ជាដើម ។

ជាពិសេស​ ការរីកចម្រើន ការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់កម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ ពិតណាស់ គឺមានការចូលរួមចំណែកយ៉ាងខ្លាំងពីជំនួយរបស់ប្រទេសចិន ជាជំនួយឥតលក្ខខណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយកម្ពុជាចងចាំនិងដឹងគុណជានិច្ច ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ។

លោកក៏បានរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន នឹងកើនឡើងដល់៦ពាន់លានដុល្លារអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលមកដល់ពេលនេះ មានជាង៥ពាន់ដុល្លារអាមេរិកហើយ។ លោកថា ក្នុងឱកាសខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរ គម្រោងធំៗចំនួនពីរ ដែលប្រទេសទាំងពីរត្រូវសម្រេចរួមគ្នា និងផ្តល់ជាប្រយោជន៍ខ្លាំងដល់សង្គមសេដ្ឋកិច្ចកម្ពុជានោះ គឺគម្រោងសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងការសាងសង់ចំណតអាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post