header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទាំង​ប្រជាពលរដ្ឋ និងអាជ្ញាធរមាន​សមត្ថកិច្ច បានភ្ញាក់ផ្អើលទាំងក្បាលព្រលប់​ ក្រោយ​បុរសម្នាក់ បានស្រង់រូបសំណាក់បុរាណមួយកំណាត់ផ្នែកខាងលើចេញពីស្រះទឹកក្បែរដីឡូត៍មួយកន្លែង ដោយ​សង្ស័យ​ថា ជាវត្ថុបុរាណមានតម្លៃ។ ហេតុការណ៍​នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាល​ពី​វេលា​ម៉ោង៨​៖​៣០នាទី​យប់ ថ្ងៃទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៨នេះ​ នៅចំណុចផ្លូវរថភ្លើង​ ភូមិបឹងមិត្តភាព សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ។

តាម​ការបញ្ជាក់ពីបុរសឈ្មោះ​ ម៉ន​ សាវី​ វ័យប្រមាន៥០ឆ្នាំ​ ដែលជាប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ​ខាងលើ​ និងជាអ្នកស្រង់រូបសំណាក់នោះ បានឲ្យដឹងថា លោកបានប្រទះឃើញរូបសំណាក់បុរាណនេះ នៅក្នុងស្រះទឹកក្បែរដីឡូត៍មួយកន្លែង ដែលកប់នៅក្នុងស្មៅ​។ ភ្លាមៗ​នោះ លោកបានប្រមៀលរូបសំណាក់នោះចេញពីស្មៅក្នុងបឹង​ បំណងយកទៅដាក់នៅវត្តទួល ប៉ុន្តែក្រោយ​ពីស្រង់ចេញពីស្មៅក្នុងបឹង លោកបានយកមកដាក់នៅផ្លូវក្បែរផ្ទះ​។ លុះមកដល់រសៀលថ្ងៃ​សៅរ៍ ​ទី១៦​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ ​ស្រាប់តែ​មានបងប្អូនប្រជាពលរដ្ឋអ្នកជិតខាង​ បាននាំគ្នាលាងសម្អាតនូវរូបសំណាក់ខាងលើ​ ហើយក៏មានការភ្ញាក់ផ្អើលថា ជារូបសំណាក់ពីបុរាណ​ ជាវត្ថុ​សក្ក័​សិទ្ធិ​ ក៏បាននាំគ្នាសែនផ្កាផ្ញី​អុជធូបទាន​ ដើម្បី​សុំ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​តែម្ដង។

បន្ទាប់ពីមានការភ្ញាក់ផ្អើលនេះឡើង ភ្លាមនោះក៏មានអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុដើម្បីសួរ​នាំ​ ហើយក្រោយមកទាំងសមត្ថកិច្ច​ និងប្រជាពលរដ្ឋ បានមូលមតិគ្នាយករូបសំណាក់ខាងលើ ទៅដាក់តម្កល់នៅវត្ត ដើម្បីទុកជាការគោរពបូជា។

សូមបញ្ជាក់ថា ចំពោះការភ្ញាក់ផ្អើលដោយប្រទះឃើញរូបចម្លាក់ខាងលើនេះ នៅមិនទាន់មានមន្ត្រីជំនាញ ឬខាងមន្ទីរវប្បធម៌ក្រុង ចុះទៅពិនិត្យ ឬវិភាគបញ្ជាក់ឲ្យច្បាស់ថា ជាវត្ថុបុរណ ឬយ៉ាងណានោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post