header ads

Sponsor

ពិសី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្ទេរតំណែងនាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ និងតំណែងមេបញ្ជាការស្តីទី នៃកងទ័ពជើងគោកជូន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក ។

 ក្នុងនេះដែរ នាយ នាយរងអាវុធហត្ថទាំងអស់គ្នា ជាកូនចៅក្រោមឱវាទមានមោទនភាពណាស់ ដែលលោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានរាជរដ្ឋាភិបាល ក្រសួងការពារជាតិ សម្រេចប្រគល់ភារកិច្ចបន្ថែមជា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ ថ្ងៃនេះ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងជាកិត្តិយសសម្រាប់កងរាជអាវុធហត្ថទាំងមូលផងដែរ 

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានប្រគល់ភារកិច្ចបន្ថែមលើមុខងារបច្ចុប្បន្នជា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ សូមអបអរសាទរនិងជូនពរទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

សូមលោក នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅស្រីជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ សូមជម្រាបជូនសាធារណជនអំពីប្រវត្តិរបស់លោក នាយឧត្តមសេនីយ៍ ដោយសង្ខេបដូចខាងក្រោម៖
លោក សៅ សុខា មានឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ គាត់ទាំងពីរនាក់បានស្លាប់ក្នុងរបបប៉ុលពត ​ ហើយលោកមានបងប្អូន៥នាក់ លោកគឺជាកូនច្បងក្នុងគ្រួសារ ដែលមាន​ប្រុស៣នាក់ ស្រី២នាក់ ប៉ុន្តែអកុសលប្អូនស្រីរបស់លោកបានស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧២ ដោយឡែកប្អូន៣នាក់ផ្សេងទៀត ក៏ត្រូវប៉ុលពតសម្លាប់ចោលផងដែរ។ ជីវិត លោក សៅ សុខា ក្នុងគ្រួសារ​ហាក់បន្សល់នៅភាពឯកោ ប៉ុន្តែការងារ​របស់លោកមិនឯកោឡើយ។

លោក សៅ សុខា កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៦១ រស់​នៅក្នុងភូមិស្វាយកោង ឃុំស្វាយរំពេ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ ស្រី ហ៊ាញ និងមានកូន២នាក់ ប្រុស១ ស្រី១។

បើតាមទៅជីវប្រវត្តិសង្ខេប លោក សៅ សុខា បានចូលបម្រើកងទ័ពនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ ជានារសាមេបញ្ជាការអង្គភាព៥៧៨ នៅក្នុងឆ្នាំ១៩៧៨រហូតដល់១៩៧៩ លោក សៅ សុខា ក៏បានទទួលមុខងារជាប្រធានកងអនុសេនាតូច វរសេនាលេខ១០ លុះឆ្នាំ១៩៧៩ដល់១៩៨០ លោកក្លាយទៅជាប្រធានកងពលអនុសេនាធំ វរសេនាលេខ១០។ ពីឆ្នាំ១៩៨០ដល់១៩៨១ លោកបានទទួលដំណែងជាជំនួញការយុវជនកងពលលេខ១ នៅអំឡុងឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៣ លោកបានទៅសិក្សាមុខវិជ្ជា វិទ្យាសាស្រ្តនយោបាយនិងរដ្ឋបាលសាធារណៈ នៅប្រទេសវៀតណាម។ បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨៣ដល់១៩៨៥ លោកត្រូវបានប្រគល់មុខដំណែងថ្មីជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង នៃអគ្គស្នងការនយោបាយ។ លុះដល់ឆ្នាំ១៩៨៥-១៩៨៦ លោកត្រូវបានចាត់តាំងឱ្យទៅសិក្សានៅសហភាពសូវៀត មុខវិជ្ជា វិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណៈ ក្រោយពីបញ្ចប់ការសិក្សា ហើយត្រឡប់មកវិញនៅឆ្នាំ១៩៨៦ដល់១៩៨៩ លោកនៅតែទទួលមុខងារជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង នៃអគ្គស្នងការនយោបាយ។ រហូតដល់ឆ្នាំ១៩៨៩-១៩៩១ លោកបានតំឡើងមុខងារទៅជាអនុស្នងការចាត់តាំង នៃអគ្គស្នងការនយោបាយ។ ចាប់តាំងពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ លោកត្រូវបានប្រគល់ភារកិច្ចធ្វើការនៅខេត្តកំពង់ធំ ជាប្រធានក្រុមយោធាចម្រុះភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ ហើយឆ្នាំ១៩៩៣​ដល់ឆ្នាំ១៩៩៩ លោកត្រូវបានផ្លាស់ប្តូរតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅឆ្នាំ១៩៩៩-២០០៩ លោកត្រូវបានទទួលមុខដំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដល់ឆ្នាំ២០០៩-២០១៨ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនៅពេលបច្ចុប្បន្ននេះ លោក ត្រូវបានរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិ សម្រេចប្រគល់ភារកិច្ចបន្ថែមលើមុខងារបច្ចុប្បន្នជាអគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ។

រយៈពេល៤០ឆ្នាំនេះ លោក នាយឧត្តមសនីយ៍ សៅ សុខា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន ថវិកា សម្ភារៈ និងទាំងជីវិត រួមចំណែកក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ដោយមានឆន្ទៈ ក្លាហាន ទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង ក្រោមការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា រយៈពេលប្រមាណ២៥ឆ្នាំនេះ កងរាជអាវុធហត្ថសម្រេចបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើនដូចជា -បានចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលរងគ្រោះមហន្តរាយផ្សេងៗ និងចូលរួមកិច្ចការងារសង្គម មនុស្សធម៌ ។ល។ -បានទប់ស្កាត់និងធ្វើការស្រាវជ្រាវបង្ក្រាបរាល់បទល្មើសនានា សហការពង្រឹងការអនុវត្តច្បាប់។ -បានធ្វើការត្រួតពិនិត្យពាក់ព័ន្ធនឹងបទវិន័យនិងសណ្តាប់ធ្នាប់កងទ័ព។ ជាមួយគ្នាដែរ បានធ្វើការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងកងរាជអាវុធហត្ថគ្រប់ជំនាញ វិជ្ជាជីវៈ និងធ្វើការកែទម្រង់នូវរចនាសម្ព័ន្ធចាត់តាំង ក្របខណ្ឌឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន។ រីឯ ការកសាងអង្គភាពវិញមានការលេចធ្លោយ៉ាងខ្លាំងចាប់ពីថ្នាក់បញ្ជាការដ្ឋានផ្ទៃប្រទេស រាជធានី ខេត្ត រហូតដល់មូលដ្ឋានក្រុង ស្រុក ខណ្ឌ ស្នាក់ការ បានសាងសង់ថ្មីនិងជួសជុលមានជាអាទិ៍ អគារសេធិការដ្ឋាន អគារស្នាក់នៅ ឃ្លាំង រោងឡាន ផ្ទះបាយ បន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន បន្ទប់អនាម័យ ទីលានឧបសគ្គ ទីលានកីឡា ។ល។ បានចិញ្ចឹមថែទាំសុខភាពកងទ័ព បន្ថែមលើរបបហូប ការស្លៀកពាក់ស្អាត ដោះស្រាយរាល់ការលំបាករបស់នាយ នាយរងអាវុធហត្ថដែលជួបការលំបាកឈឺ របួស និងគ្រួសាររបស់អាវុធហត្ថពលី មរណៈ។ល។ ទន្ទឹមនឹងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បានឆ្លៀតពេលវេលាធ្វើការអប់រំដល់សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋឱ្យជ្រួតជ្រាប់អំពីច្បាប់ បទដ្ឋានគតិយុត្ត និងផលប៉ះពាល់ផ្សេងៗ ព្រមទាំងចូលរួមយ៉ាងសកម្មវបំផុសចលនាមហាជន អំពីវប្បធម៌ សិល្បៈ ការលេងកីឡាបាល់ទាត់ បាល់ទះ វាសី កីឡានានា ដើម្បីសុខភាព ។ល។ (អត្ថបទៈ អេង ហ៊ី)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post