
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គិតរហូតមកដល់ពេលនេះ អស់រយៈពេលជិត២ឆ្នាំហើយ ប៉ុន្តែយុត្តិធម៌សម្រាប់លោកបណ្ឌិត ក៏ដូចជាក្រុមគ្រួសារហាក់នៅសែនឆ្ងាយ។ មុនពេលលោកបណ្ឌិតត្រូវបានគេបាញ់សម្លាប់ ភរិយារបស់លោកបណ្ឌិតកំពុងពរពោះ ឥឡូវនេះ កូនប្រុសពៅរបស់លោកបណ្ឌិតមានអាយុ១ឆ្នាំ ៨ខែហើយ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី បានសរសរសារដ៏រំជួលចិត្តតាមបណ្តាញសង្គមហ្វេសប៊ុកថា៖
សួស្តី! ជនរួមឈាមខ្មែរនៅឯនាយសមុទ្រ និងនៅក្នុងប្រទេសកម្ពុជាដោយក្តីគោរព និង ក្តីនឹករលឹក ពេលវេលាពិតជាដើរលឿនណាស់ មួយប៉ព្រិចភ្នែកសោះ ការបាត់បង់ស្វាមី និងប៉ារបស់កូនៗខ្ញុំជិត២ឆ្នាំទៅហើយ។ កូនខ្ញុំទាំងប្រាំនាក់ធំលឿនណាស់ ជាពិសេសកូនប្រុសពៅរបស់ខ្ញុំ កែមឡី វីរបុត្រ គាត់មានអាយុ ១ខួបប្រាំបីខែហើយ កូនប្រុសពៅមិនបានទទួលការថ្នាក់ថ្នមពីលោកប៉ាទេ ចាប់តាំងពីថ្ងៃដែលគាត់កើតមកដល់ពេលនេះ គឺមានតែបងៗដែលនៅជិតមើលថែតែប៉ុណ្ណោះ។ ពួកគាត់ទាំងប្រាំនាក់រស់នៅគ្មានលោកប៉ានៅក្បែរទៀតទេ។ ហើយការរង់ចាំយុត្តិធម៌សម្រាប់ស្វាមីខ្ញុំក៏នៅឆ្ងាយដូចជើងមេឃ ហើយក៏មិនងាយនឹងរកឃើញឃាតករពិតបានដែរ។
អ្នកស្រីបានបញ្ជាក់ថា៖ លុះត្រាតែមានការបោះឆ្នោតដោយត្រឹមត្រូវ បោះឆ្នោតដោយឯករាជ្យ និងយុត្តិធម៌ មានគណបក្សសំខាន់ៗចូលរួម ជាពិសេសគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ក៏ត្រូវមានឈ្មោះក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះដែរ។



