header ads

Sponsor

រិទ្ធី

ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ថា៖ នាពេលថ្មីៗកន្លងទៅនេះអាជ្ញាធរមានសមត្ថកិច្ចបានសង្កេតឃើញថាមានការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិកប្រហាក់ប្រហែលយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍រួមនេះបន្តថា៖ អាជ្ញាធរមានសមត្ថកិច្ចសូមបញ្ជាក់ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ចគឺជាសកម្មភាពខុសច្បាប់។ ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិកប្រហាក់ប្រហែលដែលមិនមានការគ្រប់គ្រងពីអាជ្ញាធរមានសមត្ថកិច្ចនិងបង្កហានិភ័យធ្ងន់ធ្ងរដល់សាធារណជននិងសង្គមទាំងមូលដូចជា៖ -ចេញផ្សាយដោយពុំមានវត្ថុធានាសងត្រឡប់មកវិញនោះឡើយ -ទទួលរងការខាតបង់លើការវិនិយោគដោយសារតែតម្លៃចារិករបស់កាសអេឡិចត្រូនិកប្រែប្រួលគ្មានមូលដ្ឋានច្បាស់លាស់ -ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងធ្វើឱ្យបាត់បង់មូលនិធិដោយសារការលួចចូលទៅក្នុង ប្រព័ន្ធ -ពុំមានយន្តការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណឬសាវតារបស់អ្នកប្រើប្រាស់បានច្បាស់លាស់គឺជាហានិភ័យក្នុងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ដូច្នេះស្ថិតក្នុងដំណាក់កាលនេះ អាជ្ញាធរមានសមត្ថកិច្ចសូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះការឃោសនាផ្សព្វផ្សាយកៀរគរប្រមូលមូលនិធិនិងធ្វើប្រតិបត្តិការ ទិញ លក់​ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដែលមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីថ្លែងការណ៍ព្រមានថា៖ បុគ្គលឬនីតិបុគ្គលណាដែលធ្វើការឃោសនា ផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ ធ្វើ

ប្រតិបត្តិការ ទិញ លក់​ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដែលមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ចនឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

អាជ្ញាធរមានសមត្ថកិច្ច សាធារណជនទាំងអស់នឹងយកស្មារតីរបស់សេចក្តីថ្លែងការណ៍នេះទៅអនុវត្តឱ្យបានយ៉ាងខ្ជប់ខ្ជួន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post