header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនិតីកាលទី៦ នឹងឈានចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្មករ-កម្មការិនី ទូទាំងប្រទេស នឹងបានឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត ដោយពួកគេ នឹងទទួលបានប្រាក់បៀវត្សពេញលេញ ដោយមិនកាត់ប្រាក់នោះទេ។

ថ្លែងចំពោះមុខកម្មករ-កម្មការិនី ជាង២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចបានជួបពិភាក្សា ជាមួយសមាគមរោងចក្រកាត់ដេរ ដោយបានឯកភាពគ្នា សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០១៨ដើម្បីឈប់សម្រាក ទៅចូលរួមបោះឆ្នោតថ្នាក់ជាតិ ជាពិសេសត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង២០។

សម្ដេចតេជោមានប្រសាសន៍ថា “ពិតហើយថ្ងៃអាទិត្យ គឺជាថ្ងៃក្មួយៗឈប់សម្រាក ប៉ុន្ដែក្មួយៗនឹងបានសម្រាកបន្ថែម គឺសំខាន់ថ្ងៃ៣០ គឺថ្ងៃច័ន្ទ បានសេចក្ដីថា៣ថ្ងៃនេះ ក្មួយៗឈប់សម្រាក ដោយមានប្រាក់បៀវត្សពេញលេញ ដើម្បីធ្វើដំណើរទៅការបោះឆ្នោត”។

សម្ដេចរំលឹកថា រាជរដ្ឋាភិបាល បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងម្ចាស់រោងចក្រ អំពីការឈប់៣ថ្ងៃនេះ ពីព្រោះមានមនុស្សមួយចំនួន បានលើកឡើងថា ឈប់សម្រាកបានតែ១ថ្ងៃ ឬ២ថ្ងៃ ដោយសារតែទៅបោះឆ្នោត នៅក្បែរកន្លែងធ្វើការ ប៉ុន្តែកុំឲ្យមានការពិបាក ដូច្នេះឈប់៣ថ្ងៃតែម្តងទៅ ទោះបីទៅបោះឆ្នោតនៅជិតផ្ទះ ឬឆ្ងាយពីផ្ទះយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ទៅដល់ម្ចាស់រថយន្ដឈ្នួលទាំងអស់ កុំដំឡើងថ្លៃរថយន្ដពេលពលរដ្ឋ ជិះទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោត។

សូមរំលឹកថា ការបោះឆ្នោតនេះ មានគណបក្សនយោបាយ ចូលរួមបោះឆ្នោតចំនួន២០គណបក្ស ក្នុងនោះដែរ មានអ្នកអង្កេតការណ៍ជាតិ អន្តរជាតិប្រមាណជាង៥០០០០នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post