
ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនបុរសជនជាតិវៀតណាម ដែលបានរំលោភសម្លាប់កុមារីអាយុ០៤ឆ្នាំ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដើម្បីរង់ចាំការជុំនុំជម្រះតាមនីតិវិធី ។

ជនដៃដល់ខាងលើត្រូវបាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

បើតាមមាត្រា២០៥ ចែងថា «ឃាតកម្មដែលកើត ក្នុងពេលឬក្រោយ ពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត»។

គួររំលឹកថា ជនសង្ស័យខាងលើឈ្មោះង្វៀងយ៉ាំង យី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម រីឯក្មេងស្រីរងគ្រោះមានអាយុ៤ឆ្នាំ (ទាំង២នាក់មានផ្ទះជិតគ្នា) នៅផ្ទះឈើមាត់ច្រាំងទន្លេ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចម្តុំគីឡូលេខ៧ ក្នុងភូមិកសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ។



