header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនរំខានទៅដល់សមត្ថកិច្ចបន្តិចណាឡើយ។ ករណីប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ​ខែមិថុនា ឆ្នាំ២០១៨​ នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពញ។

នារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា​ មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពញ 1-2257 (មិនចាំអក្សរខាងមុខ​) ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជើងទៅត្បូង ឡើងស្ពានអាកាសស្ទឹងមានជ័យ បំណងទៅផ្ទះនៅម្តុំផ្សារដើមថ្កូវ។ ខណៈមកដល់ចំណុចពាក់កណ្តាលស្ពាន ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាក និក មួយគ្រឿង មិនចាំស្លាកលេខ និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកគៀរឲ្យនាងឈប់ម៉ូតូ រួចគំរាមបាញ់សម្លាប់ និងប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ មានបុរសម្នាក់ បានមកជួបក៏ជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ប៉ុន្តែសមត្ថកិច្ចនាំនារីរងគ្រោះទៅចង្អុលបង្ហាញទីតាំងកើតហេតុភ្លាមៗ ហើយក៏បានជូននាងទៅផ្ទះបាត់ដោយមិននាំទៅដាក់ពាក្យបណ្តឹងឡើយ។ ករណីសមត្ថកិច្ចនាំជនរងគ្រោះទៅផ្ទះបាត់ភ្លាមៗនេះ គេសង្ស័យថា គេចពីក្រុមអ្នកព័ត៌មាន ឬខ្លាចមិនចង់ឲ្យមានការផ្សព្វផ្សាយ ព្រោះខ្លាចល្បីប៉ុស្តិ៍មូលដ្ឋាន ដែលសម្បូរណាស់នូវករណីប្លន់ តែមិនដែលបង្ក្រាបបានសូម្បីតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post