
ភ្នំពេញៈ ប្រុសស្រី៣នាក់ ជិះរថយន្ដកាមរីហាយប៊្រីតមួយគ្រឿង ក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនមិនប្រយ័ត្ន ដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលបុករថយន្ដ CRV មួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ដទាំងពីរ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ត្រង់ផ្លូវលេខ៥១ កែងផ្លូវលេខ១៧៨ ស្ថិក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាក កាមរីហាយប៊្រីត មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-1011 ធ្វើដំណើរដោយបុរសនារី៣នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវលេខ១៧៨ ទិសដៅពីកើតទៅលិចក្នុងល្បឿងយ៉ាងលឿន។ លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួន ដោយសាររថយន្ត កាមរីហាយប៊្រីត មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្ដម៉ាក CRV ដែលជារថយន្តតាក់ស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-8479 ធ្វើដំណើរតាមបណ្ដោផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យរថយន្ដទាំង២ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
បើតាមសម្ដីនារីរូបស្រស់ និងស៊ីចស៊ីម្នាក់ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ថា រូបនាងជាអ្នកបើកបររថយន្ត និងមានមិត្តភ័ក្តប្រុសស្រី២នាក់ទៀត រួមដំណើរជាមួយ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៨ ពីកើតទៅលិចក្នុងល្បឿងលឿន តែពេលមកដល់ចំណុចផ្លូវបំបែកជាបួននោះ រូបនាងមិនបានបន្ថយល្បឿនទេ ក៏ស្រាប់តែមានរថយន្ត CRV នោះបើកចេញមក ទើបនាងព្យាយាមកាច់ចង្កូតគេចដែរ តែគេចមិនផុតក៏ជ្រុលទៅបុកចំរថយន្តខាងមុខពេញទំហឹងតែម្ដង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានប្រកែកយកត្រូវរៀងៗខ្លួន អស់រយៈពេលយ៉ាងយូរ តែដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងណែនាំប្រាប់ខ្លះៗ ទើបភាគីខាងរថយន្ដ កាមរី ព្រមយករថយន្ដ CRV ទៅជួលជុលឲ្យទាំងស្រុងឡើងវិញ ដើម្បីបញ្ចប់រឿង៕






