header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំបានបើករថយន្តកុងតឺន័រ បោះពួយល្បឿនលឿនជ្រុល គេចពីម៉ូតូខាងមុខ ក៏រេចង្កូតទៅឆ្វេងបុកចូលយានដ្ឋានជួសជុលរថយន្ត និងផ្ទះលក់គ្រឿងសំណង់ បណ្តាលឲ្យមានក្មេងស្រីម្នាក់ ត្រូវរថយន្តបុកផ្ទប់ស្លាប់ និងមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ បណ្តាលឲ្យរងការខូចខាតសម្ភារៈជាច្រើនទៀត។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើង​កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅជិតបន្ទាយកងពលលេខង៧០ តាមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កប្រភេទកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2588 ជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន CAT ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើកបរដោយឈ្មោះ ផល សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិផល ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយប្រពន្ធឈ្មោះ ឡាយ អឿន អាយុ៣៧ឆ្នាំ រស់នៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ចោមចៅទី២។

ចំណែកផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះទី១ ជាយានដ្ឋានជួសជុលរថយន្តយីហោ ប៊ុន ថុល បណ្ដាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ ហុក គីមឆាយ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ​ជម្ពូវ័ន និងមានរបួសធ្ងន់២នាក់ទៀត ប្រុសម្នាក់ និងស្រីម្នាក់ ឈ្មោះ សិត សាវី អាយុ២៨ឆ្នាំ ស្នាក់នៅយានដ្ឋានជួសជុលរថយន្តខាងលើ មានស្រុកកំណើតភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង និងមនុស្ស៣នាក់ទៀត រងរបួសស្រាល។ ផ្ទះរងគ្រោះទី២ ជាផ្ទះលក់គ្រឿងសំណង់យីហោ ទ្រី សុខុម រងការខូចខាតខ្ទេចល្វែងខាងមុខ រួមទាំងទ្រព្យសម្បត្តិ រថយន្តចំនួន៣គ្រឿង និងកិនខ្ទេចម៉ូតូមួយគ្រឿង។

ប្រជាពលរដ្ឋឃើញហេតុការណ៍ផ្ទាល់ រៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ថា នៅពេលមុនកើតហេតុ រថយន្តបង្កបើកពីជើងទៅត្បូង ដោយអ្នកបើកបរស្រវឹងជោកជាំក្នុងល្បឿនយ៉ាងលឿន ព្រមទាំងបើកបណ្តើរស្រែកហៅគេឯងតាមផ្លូវឲ្យឡើងជិះបណ្តើរ។ លុះដល់ចំណុចកើតហេតុ ក៏គេចពីម៉ូតូនៅខាងមុខ រួចក៏រេចង្កូតឆ្លងផ្លូវទៅខាងឆ្វេង បុកចូលយានដ្ឋាន ហើយធ្លាយទៅបុកចូលផ្ទះលក់គ្រឿងសំណង់ ទើបអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ របួសធ្ងន់២នាក់ របួសស្រាល៣នាក់ សម្ភារៈខូចខាតជាច្រើនទៀត ក្នុងនោះខូចខាតរថយន្តចំនួន៣គ្រឿង។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់របួសធ្ងន់ ត្រូវរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួន ខណៈរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post