header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចោរឆក់​ម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ក្រោយ​ឆក់ទូរស័ព្ទពីនារីម្នាក់ ខណៈកំពុងអង្គុយលើម៉ូតូរង់ចាំបងស្រី ត្រង់ចំណុចផ្លូវបេតុងមុខហាង KK ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ សុខ វីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះតាមផ្លូវរថភ្លើងក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង។ នារី​រងគ្រោះ ឈ្មោះ សួង ចិន្តា ភេទស្រី អាយុ២១ឆ្នាំ  ជានិស្សិតសាលា ISL ឆ្នាំទី២ មានទីលំនៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

នារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នាងបាន​ជិះម៉ូតូយកបាយ ឲ្យបងស្រីធ្វើការនៅក្នុងហាង KK កន្លែងកើតហេតុ ទៅដល់ហើយ អង្គុយលើម៉ូតូ ទូរស័ព្ទហៅបងស្រីមកទទួលយកបាយ ខណៈដែលកំពុងកាន់ទូរស័ព្ទ IPhone 6 Plus នៅនឹងដៃ ស្រាប់តែជនសង្ស័យម្នាក់ខាងលើ ដើរមកពីក្រោយ ធ្វើសកម្មភាពយកទូរស័ព្ទ រត់គេចសំដៅទៅរកម៉ូតូមួយគ្រឿង នៅរង់ចាំកែងផ្លូវម្ខាង ដែលគេសង្ស័យជាបក្ខពួក តែត្រូវប្រជាពលរដ្ឋឃើញស្រែកផ្អើលដេញចាប់ ធ្វើឲ្យ ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចទៅបាត់ សល់តែជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពឆក់ផ្ទាល់ រត់មិនរួចពលរដ្ឋព័ទ្ធចាប់ខ្លួនបាន ប្រគល់ឲ្យប៉ូលិស ដកហូតបានទូរស័ព្ទមកវិញ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ពួកគេពិតជាមានគ្នា២នាក់មែន តែម្នាក់រត់ទៅបាត់ គ្រាន់ស្គាល់មួយដំណើរទេ មិនស្គាល់ឈ្មោះឡើយ ជាអ្នកឌុបរូបគេមកធ្វើសកម្មភាពកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ បាននាំខ្លួន​ទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post