header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនមួយក្រុម ស្រវឹងធ្លាក់ភ្នែក បើករថយន្ត Mercedes ស៊េរីទំនើបរេពេញផ្លូវ ទៅបុករថយន្ត២គ្រឿង ដែលឈប់ចតស្ងៀម បណ្តាលឲ្យរងការខូចខាតទាំងសងខាងទាំង៣គ្រឿងតែម្ដង ប៉ុន្តែពួកគេដោះស្រាយសងតែម្ចាស់រថយន្ត Audi ខណៈម្ចាស់រថយន្តរងគ្រោះម៉ាក Toyota មិនព្រមសង ហើយគេចខ្លួនបាត់អស់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាង "ពិភពសាច់អាំង១"​ តាមបណ្តោយផ្លូវ៥៩០ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន CAM POST ដឹងថា នៅមុនពេលកើតហេតុ គេឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​មួយ​ក្រុម មានគ្នាប្រាំទៅប្រាំមួយនាក់ ជិះរថយន្ដ​មួយ​គ្រឿង​ម៉ាក Mercedes ​ML500​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AA-2182​ ដែលបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំតាម​បណ្ដោយ​ផ្លូវ​លេខ​៥៩០​ ទិសដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​យ៉ាង​លឿន​ និង​រ៉េពេញ​ផ្លូវ​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ដ​បង្ក​ខាងលើ​ក៏បាន​រ៉េចង្កូត​ទៅ​ខាង​ឆ្វេង​ទៅ​បុករថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ TOYOTA Hilux ពណ៌ខៀវ​ ជា​ប្រភេទ​ពី​របាំង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2F-0314​ ដែល​ឈប់​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ ​បណ្ដាល​ឲ្យកំពិត​ខាងក្រោយ​ចំហៀង​ខាង​ស្ដាំ​។ ភ្លាមៗនោះ ​អ្នកបើករថយន្ដ​បង្ក​បានប្រឹង​បួង​ចង្កូត​ទៅ​ខាង​ស្តាំ​ ក៏ជ្រុលទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Audi​ មិន​ចាំ​ស្លាក​លេខ​ ឈប់ចតចោលនៅ​ចិញ្ចើម​ផ្លូវ ​បណ្ដាល​ឲ្យ​រងការខូចខាត​។ ចំណែកឯ​រថយន្ដ​បង្ក​រងការខូចខាត​កំពិត​ផ្នែក​ទាំង​សង​ខាង​នៃរថយន្ត​។

ប្រភពដដែល​បន្ត​ថា​ បន្ទាប់មក ​ម្ចាស់រថយន្ត​ Audi បានចេញពី​​ហាងពិភពសាច់អាំង១​ ហើយបានធ្វើការដោះស្រាយ​ជា​មួយ​ភាគីខាង​រថយន្ដ​បង្ក​ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចេញ​សំណង​ចំនួន​៥០០ដុល្លាររ ​ដើម្បី​បញ្ចប់​រឿង ​ហើយ​រថយន្ត​ Audi ក៏​បាន​បើក​ចេញ​ទៅ​បាត់។ ដោយឡែក ​រថយន្ដ​ TOYOTA ​រងគ្រោះ​មួយ​គ្រឿង​ទៀត​ បានទាមទារ​សំណង​ចំនួន​៣០០ដុល្លារ ​ពី​ខាង​រថយន្ដ​បង្ក​ដើម្បី​បញ្ចប់​រឿង​ តែ​ភាគី​ខាង​រថយន្ដ​បង្ក​មិនព្រម​សង​នោះទេ ហើយ​ថែមទាំង​នាំគ្នា​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់ស្រមោល​ បន្សល់ទុកតែ​បុរស​ជាជនជាតិ​ចិន​ម្នាក់​ ស្រវឹង​ដេក​ក្អួត​ពេញក្នុង​រថយន្ត​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ក៏​ដូចជា​សមត្ថកិច្ច​ជំនាញ​ខណ្ឌទួលគោក បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែបុរស​ម្នាក់ ​ដែល​ជាម្ចាស់​ហាង​ពិភព​សាច់​អាំង​១ ដែលគេ​មិន​ដឹង​ថា ​ត្រូវ​ជា​អ្វី​នឹង​ម្ចាស់​រថយន្ត​បង្កខាងលើ​នោះទេ បាន​ចេញ​មុខ​មក​ធ្វើ​ការសម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​រង​គ្រោះ ដោយព្រម​សងភាគី​រថយន្ដ​រង​គ្រោះ​ចំនួន​២០០ដុល្លារ​ ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post