
ព្រះសីហនុៈ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rolls Royce បានបើកបុកទ្រូងផ្លូវ និងបង្គោលភ្លើង បណ្ដាឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
គ្រោះចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើផ្លូវឯករាជ្យ មុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅមន្ទីរពេទ្យចំការចេក សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកRolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BE-8888 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងឆ្ពោះទៅត្បូង លុះដល់ចំណុចខាងលើ បានបុកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម បណ្ដាលឲ្យរថយន្តមិនអាចទៅមុខបានទៀតឡើយ ម្ចាស់ទុករថយន្តនៅកន្លែងកើតហេតុ ហើយចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយជាក្រោយ៕



