
ភ្នំពេញៈ រដូវកាលបាល់ទាត់ពិភពលោក World CUP កំពុងចាប់ផ្ដើមហើយ ធ្វើឲ្យពលរដ្ឋមានក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពយ៉ាងខ្លាំង និងសូមគោរពស្នើសុំអភិបាលរាជធានីភ្នំពេញ មេត្តាដាក់បទបញ្ជាជាថ្មី ក្នុងការបង្ក្រាបទីតាំងអ៊ីនធើណេតបង្កប់ល្បែងភ្នាល់ដែលកំពុងបើកឡើងវិញក្នុងទូទាំង១២ខណ្ឌនោះ និងទីតាំងដុះស្លែដ៏ធំមួយ ជ្រកក្រោមស្លាកអ៊ីនធើណេត ដែលកំពុងបើកលេងយ៉ាងរលូត នៅក្បែរច្រមុះ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកមេប៉ុស្តិ៍ ក៏ដូចជាអធិការ បានត្រឹមជិះម៉ូតូឆ្លងកាត់ទីតាំងនោះចង់សឹកកង់ម៉ូតូឡានអស់ហើយ មិនដែលមានវិធានការសោះ សង្ស័យដាក់ខែជាមួយម្ចាស់ទីតាំងហើយមើលទៅនោះ។
ជុំវិញករណីល្បែងស៊ីសងនេះដែរ កន្លងមកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់បំផុត ឲ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាលុបបំបាត់ និងបង្ក្រាបឲ្យអស់ រាល់ទីតាំងល្បែងស៊ីសង និងល្បែងភ្នាល់តាមអ៊ីនធើណេតគ្រប់ប្រភេទទាំងអស់ ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះទីតាំងបនល្បែងអស់ទាំងនោះ សុទ្ធតែបង្កើតឲ្យមានបទល្មើសលួច ឆក់ ប្លន់ បង្កភាពអសន្តិសុខដល់សង្គម។

ប៉ុន្តែទោះបីជាមានបទបញ្ជាពីអភិបាលរាជធានីយ៉ាងនេះក្ដី ក៏អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៃខណ្ឌចំការមន ហាក់មានភាពធូររលុង និងមិនខ្វល់ពីបទបញ្ជាទៅវិញ បែរជាអនុញ្ញាតឲ្យទីតាំងបនល្បែង ហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមអ៊ីនធើណេត ២៤ម៉ោង រាប់សិបកន្លែង បើកដំណើរការយ៉ាងអនាធិបតេយ្យ ទោះជាមានការរាយការណ៍ពីប្រជាពលរដ្ឋ និងមានការផ្សព្វផ្សាយដំណឹងនោះ ពីសំណាក់អង្គភាព និងស្ថាប័នព័ត៌មានតូចធំជាច្រើនក៏ដោយ។
ជាក់ស្តែង ទីតាំងភ្នាល់បាល់ដ៏ធំ ស្ថិតនៅតាមផ្លូវលេខ២៩៤ កែងផ្លូវសុធារស ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនប្រមាណជាង៥០ម៉ែត្រប៉ុណ្ណោះ បានកំពុងបើកលេងយ៉ាងរលូន ២៤ម៉ោងលើ ២៤ម៉ោង។
ទីតាំងខាងលើ បើកដំណើរការរាប់ខែឆ្នាំមកហើយ ចំណែកសមត្ថកិច្ច មានលោក សុខ សំអ៊ុន នាយប៉ុស្តិ៍ និងលោក យិន សាន្ត ជាអធិការនគរបាលខណ្ឌចំការមន បានត្រឹមជិះកាត់ សំលឹងមើលប៉ុណ្ណោះ។

ប្រភពដដែលបន្តថា កាលដែលម្ចាស់ទីតាំងមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នោះ ព្រោះតែម្ចាស់ទីតាំងបានដាក់ខែជាមួយសមត្ថកិច្ចមូលដ្ឋាន ដូច្នេះហើយធ្វើឲ្យសមត្ថកិច្ចបិទភ្នែក មិនចុះបង្ក្រាបសោះ ទើបបណ្ដោយឲ្យអ្នកចូលលេងទាំងយប់ទាំងថ្ងៃ។
ដូច្នេះសូមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គួរចុះពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ទីតាំងល្បែងទាំងអស់នេះ ឲ្យស្របតាមសេចក្ដីប្រកាសរបស់សម្ដេច ក្រឡាហោម ស ខេង និងការណែនាំពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញារ គួរមានវិធានការលុបបំបាត់ ចំពោះបនល្បែងស៊ីសងទាំងនេះ ខណៈជាប្រភពនៃបទល្មើស លួច ឆក់ ប្លន់ កាប់សម្លាប់ ក្នុងនោះទីតាំងទាំងនេះ ក៏ជាកន្លែងប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរបំផុត ហើយនេះក៏ជារដូវកាលបាល់ទាត់ពិភពលោក World CUP កំពុងចាប់ផ្ដើមផងដែរ ដូច្នេះសូមគោរពស្នើសុំអភិបាលរាជធានី ចេញបញ្ជាជាថ្មី ក្នុងការបង្ក្រាបទីតាំងអ៊ីនធើណេតបង្កប់ល្បែងភ្នាល់អស់ទាំងនោះ៕