
ភ្នំពេញៈ ជនសង្ស័យវ័យក្មេង២នាក់ ដែលជាសិស្សសាលាច្បារអំពៅផងនោះ ប្រហែលជា ចាញ់ World CUP បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិន បានសម្រេច តែជិះម៉ូតូរត់មិនរួច ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន នៅម៉ោង១៣និង០៥នាទីថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវឡើងស្ពានហង្ស (ផ្លូវសបិត) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សាក្សីដែលឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ មានជនបរទេសមួយក្រុម (ជនជាតិចិន) មានស្រីមានប្រុសខ្លះស្ពាយកាបូបខ្លះកាន់ទូរស័ព្ទ បានចេញពីភោជនីយដ្ឋានដើរថ្មើជើង តាមបណ្តោយផ្លូវខាងលើ បំរុងនឹងឡើងរថយន្ត ភ្លាមនោះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចប្រឹងបើកគេចខ្លួន តែលទ្ធផលទទួលបាន គឺត្រូវជនជាតិចិនទាំងនោះ ចាប់កន្ទុយម៉ូតូ ក្រវីក្រវាត់ ដួលម៉ូតូ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋចាប់បានទាំង២នាក់តែម្តង។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះទី១ ប៉ា សុភា អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាច្បារអំពៅ និងទី២ឈ្មោះ អៀង រតនា អាយុ១៦ឆ្នាំ សិស្សសាលាច្បារអំពៅ ជនសង្ស័យទាំង២នាក់នេះ ស្នាក់នៅម្តុំច្បារអំពៅ ជិះម៉ូតូម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ 1DD-2449 រីឯទូរស័ព្ទឆក់បានសម្រេចនោះ ម៉ាកIPhone 6Plus ពណ៌ ស បណ្តាលអោយបែកអេក្រង់។



បច្ចុប្បន្នក្រោយពេលធ្វើការសាកសួររួចជនសង្ស័យទាំង២នាក់ខាងលើនេះ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនជាតិចិនទាំងនោះ ពិតប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធី៕

