ស្វាយរៀងៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុកក្របីញីមួយក្បាល កំពុងដើរឆ្លងផ្លូវ រីឯក្របីក៏ងាប់ផងដែរ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានក្របីមួយហ្វូង កំពុងដើរតាមផ្លូវ ខណៈដែលមានម្ចាស់ដេញពីក្រោយ ដោយសារតែការបើកបរមានល្បឿនលឿនពេក មិនអាចគ្រប់គ្រងល្បឿនបាន ក៏ជ្រុលទៅបុកក្របីញីមួយក្បាលពេញទំហឹង បណ្តាលឲ្យយុវជនខាងលើស្លាប់ភ្លាមៗ ចំណែកក្របីក៏ងាប់នៅនឹងកន្លែងផងដែរ។
មន្រ្តីនគរបាលដដែល បន្តថា ជនរងគ្រោះឈ្មោះ សំ ជិក ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក គេឃើញបងប្អូនប្រជាពលរដ្ឋចេញមកជួយ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ និងសម្រួលចរាចរណ៍ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕