ភ្នំពេញៈ ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ចំនួន៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចាប់ខ្លួនបាន កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បាននាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានរួចមក រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បងធំចោរប្លន់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឆែកឆេបន្ទប់ជួល គ្រាន់តែបើកទ្វារឃ្វាំង ពុទ្ធោ ក្នុងបន្ទប់ស្តុកសុទ្ធតែដាវ និងកាំបិត សម្ភារៈពាក់ព័ន្ធប្រព្រឹត្របទល្មើសមួយចំនួនទៀត ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា អញ្ចឹងតើ បានក្រុមចោរប្លន់មួយក្រុមនេះ កាប់វាយប្លន់ប្រជាពលរដ្ឋគ្មានញញើតដៃសោះ ស្តុកសុទ្ធតែអាវុធ (ដាវ កាំបិតកែរច្នៃ) ស៊ឹងរាល់យប់ទៅហើយ ក្រុមខាងលើនេះ បានដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានមួយក្រុមតែម្តង ពួកគាត់សាទរ រាល់កិច្ចការងារបង្ក្រាបបទល្មើសរបស់សមត្ថកិច្ច មិនបានទាំងស្រុង ក៏បានធូរមួយកម្រិតដែរ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១-ឈ្មោះ នុត សិត ហៅអាវែង ភេទប្រុស ជាបងធំប្រចាំក្រុម អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានភូមិកំណើតភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង, ទី២-ឈ្មោះ សៀម វណ្ណរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, ទី៣-ឈ្មោះ សៀម វណ្ណរ៉ា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង, ទី៤-ឈ្មោះ ម៉ៅ ថែល ភេទប្រុស អាយុ២៥ឆ្នាំ ទើបចូលរួមជាសមាជិកក្រុមខាងលើ មានស្រុកកំណើតភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ទី៥-ឈ្មោះ លៀប អុីសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ស្នាក់នៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
សមត្ថកិច្ចបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងនោះ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង កាលពីយប់ថ្ងៃទី២៤ ខែកក្កដា រួចមក លុះដល់ព្រឹកថ្ងៃទី២៥ សមត្ថកិច្ចបាននាំបងធំប្រចាំក្រុម ទៅឆែកបន្ទប់ជួល នៅភូមិទួលពង្រ រកឃើញ កាំបិត ដាវច្រើនដើម ស្លាកលេខ ដែលជនសង្ស័យដោះចេញ ក្រោយប្លន់ម៉ូតូបាន ចំនួន៩បន្ទះ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយសមត្ថកិច្ចឃាត់ស្រ្តីម្នាក់ ជាប្រពន្ធរបស់បងធំចោរប្លន់ ម្នាក់ទៅសាកសួរដែរ៕