ព្រះវិហារៈ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងខេត្ត និងមកពីបណ្តាខេត្តនានា បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពីភពលោកក្រោមអធិបតេយ្យភាព លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ និងលោក គឹម សេតារា ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២០១៦២ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៨នេះ ស្ថិតនៅលើបរិវេណតំបន់ប្រាសាទព្រះវិហារ ក្នុងភូមិមរតកតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសដ៏ឱឡារឹកនោះដែរ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានមានប្រសាសន៍ឱ្យដឹងថា ប្រាសាទព្រះវិហារជាសម្បត្តិជាតិដ៏មានតម្លៃមិនកាត់ថ្លៃបានឡើយ ដែលបុព្វបុរសដូនតាយើងលោកបានកសាងឡើង ក្នុងការបូជាដល់ព្រះសិវៈ និងបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។
លោកក៏បានបន្តឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាប្រាសាទព្រវិហារ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (UNESCO) និងការពារជាដាច់ខាតនូវការបំពានពីបរទេសដទៃ។
នៅក្នុងពិធីនោះដែរក៏មានការទូងស្គរ បង្ហោះប៉េងប៉ោង និងមានការរំាកម្សាន្តសប្បាយដើម្បីជាការអបអរសាទរនៃការរំលឹកខួប១០ឆ្នាំនៃការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពីភពលោកផងដែរ៕