header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ តារាចម្រៀង រ៉ាប៊ី កំពុងតែមានមន្តស្នេហ៍ខ្លាំងណាស់។ នាងត្រូវបានគេចោមរោមស្រឡាញ់ ដោយយល់ថា ជានារីម្នាក់ គួរឲ្យគយគន់។ បើទោះជានាងមានសម្រស់ល្អ ហើយមិនខ្វះប្រុសៗតាមចែចង់ ក៏នាងចាត់ទុកថា ការរើសបុរសក្នុងគូអនាគត ពិបាកជាងនាងឡើងច្រៀងទៅទៀត។

ម្ចាស់បទ “មាន់ស្រែ” ស្រីស្អាត រ៉ាប៊ី ដែលបានវិលត្រឡប់មកច្រៀងសម្តែងនៅអាមេរិក តាំងពីក្រោយចូលឆ្នាំខ្មែរនោះ បានសារភាពថា នាងពិតជាមានបុរសអាមេរិកមួយចំនួន នៅតែឆាតមកតាមស្នេហាមែន តែនាងគ្មានបំណងយកប្តីប្រុសបរទេសឡើយ។ អ្វីដែលធ្វើឲ្យប្រុសៗមួយចំនួន ពិបាកដាក់អន្ទាក់ស្នេហ៍ស្រីស្រស់ រ៉ាប៊ី នោះ គឺនាងថា គេពិបាកញ៉ែនាងបន្តិចហើយ ព្រោះលុយ ឡាន មិនសំខាន់ តែបុរសដែលនាងស្វែងរកដូចម្ជុលក្នុងបាតសមុទ្រនោះ គឺមិនងាយនឹងជួបប្រទះឡើយ។

រ៉ាប៊ី ថ្លែងថា “ខ្ញុំខុសគេ ស្រឡាញ់តែប្រុសណាចេះថ្នមចិត្តខ្ញុំទេ បើព្រងើយកន្តើយដាក់ខ្ញុំអី ទោះជាអ្នកឯងមានលុយប៉ុនណា ក៏ខ្ញុំមិនស្រឡាញ់ដែរ។ និយាយដោយត្រង់ទៅចុះ បុរសដែលខ្ញុំតាមរកយូរហើយ តែមិនទាន់បានប្រទះហ្នុង គឺប្រុសដែលចេះថ្នាក់ថ្នមចិត្តយើង លើកបាយម្ហូបឲ្យយើងញ៉ាំដល់បន្ទប់អី អាហ្នឹងបានត្រូវជាមួយខ្ញុំ ហើយបើប៉ះបុរសបែបហ្នឹងអី ខ្ញុំស្រឡាញ់ស្មោះណាស់។ តែឥឡូវយើងរកមនុស្សប្រុសបែបហ្នឹងមិនទាន់បានជួបទេ។ ថ្មីៗនេះដែរ ក្រោយខ្ញុំវិលត្រឡប់ មកច្រៀងពីអាមេរិកហ្នឹង ក៏មានបុរសៗខ្លះនៅទីនោះ គាត់ឆាតមករាប់អានសុំស្រឡាញ់ អ៊ីចឹងក៏មានដែរ។ ប៉ុន្តែ ខ្ញុំដូចជាគ្មានបំណងចេញទៅរស់នៅស្រុកណាទេ ព្រោះមើលទៅ គ្មានប្រទេសណាល្អជាងស្រុកកំណើតយើងទេ”។

កាលពីអំឡុងពេលកំពុងល្បីផ្ទុះកក្រើកខ្លាំង នូវបទចម្រៀង «មាន់ស្រែ» ត្រូវបានគេដឹងថា ម្ចាស់បទចម្រៀងមួយនេះ គឺកញ្ញា រ៉ាប៊ី តារាចម្រៀងប្រចាំផលិតកម្ម ថោន មិនបាននៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺនាងត្រូវទៅច្រៀងនៅឯអាមេរិក រយៈពេលរហូតដល់ទៅ២ខែឯណោះ ដែលធ្វើឲ្យនាងខកខានឱកាសក្នុងការបង្ហាញការសម្តែងលើឆាកប្រគុំតន្រ្តីនានាចែកជូនដល់អ្នកគាំទ្រស្រុកខ្មែរផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post