ភ្នំពេញៈ ទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែងទៀត ដែលហ៊ានបើកលេងថ្គើននឹងការហាមឃាត់របស់អាជ្ញាធរនោះ ត្រូវបានកម្លាំងខណ្ឌដូនពេញបានឆ្មក់ចុះបង្រ្កាបជាក់ស្តែងវេលាម៉ោង១៧ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៥ ភូមិ០៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការលួចបើកលួចលាក់នូវទីតាំងហ្គេមបាញ់ត្រីនោះ ទើបកម្លាំងបានចុះបង្ក្រាបជាក់ស្តែង ជាលទ្ធផល ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូ កៅអី១០ និងកង្ហា២គ្រឿង។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងលេងហ្គេមបាញ់ត្រីនោះ គឺដោយសារតែបានការសហការពីប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន មកខាងកម្លាំងសម្ថកិច្ច ទើបឈានដល់ការចុះបង្រ្កាប ជាក់ស្តែងតែម្តង។
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដែរថា ទីតាំងលេងហ្គេមបាញ់ត្រីនេះ គឺអាចបង្កឲ្យមានក្មេងទំនើង ក្មេងជក់ថ្មាំញៀន និងបង្កជាបញ្ហាផ្សេងៗ ធ្វើឲ្យប្រជាពរដ្ឋរស់នៅជិតខាងមានការភ័យខ្លាច ហេតុនេះ ទើបឲ្យកម្លាំងគណៈបញ្ជារការចុះបង្រ្កាបទីតាំងនោះ។
ចំណែកលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏ធ្លាប់មានប្រសាសន៍ថា លោកនឹងបន្តបង្ក្រាបយ៉ាងសកម្មចំពោះល្បែងស៊ីសង់គ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះ ដែលធ្វើឲ្យពង្វក់អារម្មណ៍ក្មេងៗសិស្សសាលាភ្លេចការរៀនសូត្រនោះ។
លោកអភិបាលក៏បានសុំអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងអស់ជួយសហការជាមួយអាជ្ញាធរ នឹងផ្ដល់ព័ត៌មានចំពោះទីតាំងល្បែងហ្គេមបាញ់ត្រីណា ដែលនៅបន្តបើកដោយលួចលាក់ទៀតនោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលាតែម្តង។
ក្រោយធ្វើកំណត់ហេតុដកហូតសម្ភារៈខាងលើ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន ដើម្បីមានវិធាកាបន្ត។ ចំណែកអ្នកលេង និងអ្នកមើលការខុសត្រូវចំនួន៤នាក់ មានប្រុស៣នាក់ និងស្រីម្នាក់ បានធ្វើការអប់រំនៅនឹងកន្លែងឲ្យវិលត្រឡប់ទៅវិញ៕