header ads

Sponsor

ពិសី

ភ្នំពេញៈ ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុគ នៅស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានពលរដ្ឋ សាលារៀន វត្តអារ៉ាម ផ្លូវបេតុងរងនូវការលិចលង់ជាបន្តបន្ទាប់ នេះបើគិតតាំងពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នា២០១៨ រហូតដល់យប់កណ្តាលអធ្រាត្រថ្ងៃដដែល និងមានការចេញជួយអន្តរាគមន៍ផងដែរ ពីសំណាក់កងកម្លាំងយោធាយុទ្ធភូមិភាគពិសេស៦០នាក់ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ កងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រជាការពារភូមិសង្កាត់ និងក្រុមសណ្តាប់ធ្នាប់ខណ្ឌដង្កោផងដែរ ។

លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដានេះថា ទូរលេខប្រជាពលរដ្ឋរងគ្រោះនូវជំនន់ទឹកភ្លៀងនេះ មានជាង១ពាន់គ្រួសារហើយ។ ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ ទឹកជំនន់នៅតែបន្តហក់ឡើងឥតឈប់ឈរបានធ្វើឲ្យបាក់ផ្លូវនៅចំណុចវត្តកំពង់ក្តុល។ លោកអធិការបញ្ជាក់ថា មានចំនួន១៨សង្កាត់ ក្នុងខណ្ឌដង្កោ ទទួលរងនូវការលិចលង់ ហើយភាគច្រើនលំនៅឋានពលរដ្ឋដែលរស់នៅមាត់ស្ទឹង ។

លោក ស៊ុ សារី នាយនគរបាលប៉ុសិ្តរដ្ឋបាលព្រៃស ក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះដែរថា លំនៅដ្ឋានពលរដ្ឋ ចំនួន១២០គ្រួសារ មានចំនួន២ភូមិ ត្រូវបានរងនូវការលិចលុង សាលារៀនបឋមសិក្សា វត្តហារ មានចំនួន៣អគារ ត្រូវបានលិចទាំងស្រុង និងនៅក្នុងបរិវេណវត្តហារ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសផងដែរ។ លោក ស៊ុ សារី បានបញ្ជាក់ថា លំនៅឋានពលរដ្ឋ១៩គ្រួសារ ត្រូវបានជម្លៀសចេញទៅរកទីទួលសុវតិ្ថភាព នៅព្រឹកថ្ងៃទី២១កក្កដានេះ ។ លោកបន្តថា ទឹកបានស្រក់១តិក នៅម្តុំវត្តហារហូរធ្លាក់ទៅសង្កាត់ស្ពានថ្ម ។

លោកនាយប៉ុសិ៍តក្រាំងពង្រ ក៏បានឲ្យដឹងដែរថា នៅភូមិសាស្ត្រសង្កាត់ក្រាំងពង្រ មានចំនួន២ភូមិ ៣៤គ្រួសារ ត្រូវបានរងនូវការលិចលង់ផងដែរ។ ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ ទឹកបានហក់ឡើងនៅចំណុចស្ពានកំពង់ទួលយ៉ាងខ្លាំង ។

យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះថា ទឹកនៅតែបន្តហក់ឡើងគួរឲ្យបារម្មណ៍មិនឃើញថមថយទេ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ។

របាយការណ៍ដដែល បានឲ្យដឹងថា នៅសង្កាត់ជើងឯក នៅបន្តលិចលុងមាន២ភូមិ ស្មើនឹង១៧គ្រួសារ។ សង្កាត់សាក់សំពៅ មានចំនួន៦ភូមិ ៥០ខ្នងផ្ទះ។ សង្កាត់ស្ពានថ្ម មានចំនួន៦ភូមិ ស្មើនឹង៥៧គ្រួសារ សាលាសង្កាត់ស្ពានថ្ម និងស្នាក់ការប៉ុសិ៍តរដ្ឋបាល ត្រូវបានលិចទាំងស្រុង។ សង្កាត់ព្រែកកំពឹស ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញនៅព្រឹកនេះ មានចំនួន៣ភូមិ។ សង្កាត់ទៀនភូមិដែលលិចមានភូមិថ្ម ភូមិកន្ទុយទឹក និងភូមិសាលាស្មើនឹង៤០គ្រួសារ។ សង្កាត់គងនយ មានចំនួន៣ភូមិ ៨៧ខ្នងផ្ទះ ស្មើនឹង៩៤គ្រួសារ នឹងសង្កាត់ដង្កោ ភូមិបាគូក៏ត្រូវបានជម្លៀសចេញផងដែរមាន១០គ្រួសារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post