ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តស្ទូច ១គ្រឿង ម៉ាក Hyundai បើកបរគ្មានការប្រុងប្រយ័ត្ន រេចង្កូតទៅបុកបង្គោលភ្លើងនៅលើទ្រូងផ្លូវ រួចក្រឡាប់ប៉ះម៉ូតូ១គ្រឿង ម៉ាក Air Blade ពណ៌ទឹកក្រូចលាយខ្មៅ គ្មានស្លាកលេខ មានទិសដៅបញ្ច្រាស់គ្នា ពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ ជាជនជាតិចិន រងរបួស កាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ចំណុចស្ពានអូរសំអាត ស្ថិតក្នុងក្រុមទី៨ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0932 បើកបរដោយឈ្មោះ នួន ភារ៉ូត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានទិសដៅពីលិចទៅកើត បានបុកជាមួយបង្គោលភ្លើងនៅលើទ្រូងផ្លូវ រួចក្រឡាប់ទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាក Air Blade ពណ៌ទឹកក្រូច លាយខ្មៅ គ្មានស្លាកលេខ មានទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូ ជាជនជាតិចិន មិនផ្តល់អត្តសញ្ញាណឲ្យសមត្តកិច្ច (រងរបួសស្រាល) ត្រូវបាននាំទៅសង្គ្រោះភ្លាមៗ នៅគ្លីនិចឯកជន រីឯអ្នកបើកបររថយន្តស្ទូច ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនជាបណ្តោះអាសន្ន និងកំពុងស្ទួចយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយពេលក្រោយ៕