Wednesday, July 18, 2018

ឥទ្ធិពលព្យុះទី៩ “សុនទីញ” នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេស ជាពិសេសពីថ្ងៃទី១៩-២១កក្កដានេះ

ពិសី

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្យុះទី៩ ឈ្មោះ សុនទីញ (SON-TINH) បាន និងកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ។ ព្យុះនេះ នឹងធ្វើដំណើរឆ្លងកាត់កោះហៃណាំ រួចបន្តទៅដល់ឆ្នេរតុងកឹង ប្រទេសវៀតណាម នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមការព្យាករណ៍ ឥទ្ធិពលរបស់ព្យុះនេះ នឹងធ្វើឲ្យមូសុងនិរតីខ្លាំង បង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងបង្កឲ្យផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្ត ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ បន្ថែមលើនេះ នៅលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ជោកជាំ លាយឡំនឹងខ្យល់បក់បោកខ្លាំង និងមានរលក់ខ្ពស់ៗ។

ក្រសួងជំនាញនេះ ក៏អំពាវនាវសូមឲ្យបងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់ទំនាបជាប់ទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

@Amapapa.News

Feature Ads